ប្រាសាទទ្វារជ័យ

បន្ទាយអង្គរធំត្រូវបានកសាងឡើងព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ អង្គរធំគឺជាទីក្រុងចុងក្រោយបង្អស់នៃសម័យអង្គររហូតដល់សតវត្សរ៍ទី១៥ ដែលជាទីក្រុងដ៏អស្ចារ្យមួយ និង ជាកន្លែងសាសនា និង រដ្ឋបាលនៃចក្រភពខ្មែរ។ កំពែងព័ទ្ធជុំវិញ អង្គរធំ គឺតំណាងឱ្យជញ្ជាំងថ្មជុំវិញផែនដី និង ជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹកព័ទ្ធជុំវិញតំណាងឱ្យសមុទ្រ។ កំពែងព័ទ្ធជុំវិញមានប្រវែង ៣គ.ម បួនជ្រុង សរុបគឺ ១២គ.ម និង មានកម្ពស់៨ម។ គូទឹកមានទទឹងប្រវែង ១០០ម ព័ទ្ធជុំវិញកំពែងខាងក្រៅ។ ទីក្រុងនេះមាន ផ្លូវចូល៥ គឺ ១ នៅទិសនីមួយៗ : ទ្វារខ្មោច(កើត) ទ្វារដីឆ្នាំង(ជើង) ទ្វារតាកៅ(លិច) ទ្វារទន្លេអុំ(ត្បូង) បូក បន្ថែម នឹងទ្វារជ័យ នៅខាងកើត ចំពីមុខព្រះបរមរាជវាំង។ គោបុរៈនៃទ្វារចូលនីមួយៗ មានព្រហ្មមុខ បួន។ ប្រាសាទនេះ សាងសង់អំពីថ្មភក់មានប្លង់រាងកាកបាទ បែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសថ្វាយដល់ ព្រះពោធិសត្វ លោកេស្វរៈ។ នៅសងខាងផ្លូវចូលទៅកាន់អង្គរធំខាងមុខគោបុរៈ មានរូបសំណាក់ថ្មចំនួន១០៨ គឺ៥៤នៅម្ខាងៗ។ រូបទេវតានៅខាងឆ្វេងនិងរូបអសុរៈនៅខាងស្ដាំឈរកាន់នាគក្បាល៩ទាញកូរសមុទ្រទឹកដោះ។ គោបុរៈអង្គរធំ មានកម្ពស់ ២៣ ម៉ែត្រ និង មានចម្លាក់ដំរីក្បាលបីដែលមានប្រមោយពាំផ្កាឈូក។ ចម្លាក់ព្រះឥន្ទជិះនៅលើដំរីនោះឈរនៅចំកណ្ដាលនៃគោបុរៈ។ ទ្វារជ័យសម្រាប់ព្រះមហាក្សត្រនិងកងទ័ពចេញចូលធ្វើសឹកសង្គ្រាម។ ទ្វារខ្មោចសម្រាប់ដង្ហែសាកសពយកទៅបូជាឬចោលក្នុងស្ទឹង។ ទ្វារទន្លេអុំជាទ្វារសាធារណៈសម្រាប់ចេញចូលរកស៊ីឬកិច្ចការរដឋបាលផ្សេងៗ។ ចំណែកទ្វារតាកាវគឺជាទ្វារសម្រាប់នាំអ្នកទោសអស់ជីវិតទៅប្រហារនេះបើយោងតាមកំណត់ហេតុជីវតាក្វាន់។ ទ្វារចុងក្រោយគឺទ្វារស្មូនឆ្នាំង ជាទ្វារសម្រាប់បព្វជិតនានា ចេញចូលមកសុំសេចក្ដីប្រោសប្រទានទោសពីព្រះមហាក្សត្រដល់អ្នកទោសស្រាលៗ។

ទីតាំងនៅលើផែនទី