ទឹកធ្លាក់លែងអងលែងឃិន

ភ្ញៀវជាច្រើនធ្វើដំណើរទៅមណ្ឌលគិរីច្រើនសំដៅទៅរកតែទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញតែភាគច្រើនគេមិនបានចាប់អារម្មណ៍ឬមិនបានដឹងអំពីទឹកធ្លាក់រាក់ជាងគេ និងខ្ពស់ជាងគេបំផុតក្នុងខេត្តនេះទេ។ ទឹកធ្លាក់ពីរកន្លែង លែងអងនិងលែងឃិន ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែ និងងូតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់។ ក្រោមដើមឈើមានម្លប់ត្រឈឹងត្រឈៃក្បែរគុម្ពឫស្សីជាទឹកធ្លាក់លែងអង ដែលមានកម្ពស់ត្រឹមតែមួយម៉ែត្រ ហូរតាមជម្រាលក្រោមដើមឈើរលំទ្រេតពីរបីដើម។ នៅចម្ងាយប្រមាណ ២០០ ម៉ែត្រពីទីនោះ ទឹកធ្លាក់កម្ពស់ខ្ពស់ជាងគេប្រចាំខេត្តគឺលែងឃិន។ ទឹកធ្លាក់កម្ពស់ ២២ ម៉ែត្រ និងមុខកាត់ ១០ ម៉ែត្រដ៏ស្រស់បំព្រងហាក់បង្ហាញស្នាមញញឹមរង់ចាំភ្ញៀវមកកម្សាន្តបំបាត់ភាពស្ងាត់ជ្រងំនៅទីនោះ។ ក្រោមសន្ធឹកទឹកធ្លាក់យ៉ាងទ្រហឹង ទឹកធ្លាក់លែងឃិន ជះចំហាយដ៏ត្រជាក់ស្រេងស្រោចស្រពរុក្ខជាតិជុំវិញដែលរក្សាពណ៌បៃតងខ្ចី និងផ្ដល់សន្សើមដល់ភ្ញៀវកំពុងដើរចុះសសៀរៗតាមជម្រាលទៅផ្នែកខាងក្រោម។

ទីតាំងនៅលើផែនទី