ក្រុងសៀមរាប

ខេត្តដែលមានប្រវត្តិចាស់ជាងគេ ធ្លាប់ជាទីតាំងរាជធានីខ្មែរសម័យដ៏សែនរុងរឿង សឹងមានប្រាសាទ អង្គរវត្តដ៏ល្បីល្បាញថាជាសំណង់សាសនាធំជាងគេក្នុងលោក ហើយក៏ជានិមិត្តរូបប្រទេសទាំងមូល នៅលើទង់ជាតិដែរ។ សំណង់ប្រវត្តិសាស្ត្រជាច្រើនមាននៅសេសសល់ ក្នុងរាជធានីបុរាណមួយនេះ ដែលឈ្មោះនេះរំឭកដល់ជ័យជំនះនៃកងទ័ពខ្មែរលើកងទ័ពសៀមនៃនគរអយុធ្យានៅសតវត្សរ៍ទី១៧។ ខេត្តទេសចរណ៍នេះមានប្រាសាទ កំពែង បារាយណ៍ ស្រះ ស្ទឹង ពើង ល្អាង ជាច្រើនដែលសុទ្ធតែជាប់ ទាក់ទងនឹងស្នាព្រះហស្តនៃព្រះរាជាសម័យមុន។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដង ពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ ប្រាសាទអង្គរវត្ត ត្រូវបានរក ឃើញឡើងវិញដោយអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូត(Henri Mouhot) ក្នុងឆ្នាំ១៨៦០។ ឈ្មោះភូមិសាស្ត្រជាច្រើនក្នុងខេត្តនេះនៅដិតដាមដោយពាក្យចម្លែកដែលសម័យសព្វថ្ងៃនេះគេពុំបានយល់អស់។ ដោយឡែកក្រៅពីប្រាសាទដ៏ច្រើនអនេក ដែលមានខ្លះបានអភិវឌ្ឍរួចជាតំបន់ទេសចរណ៍ ខ្លះក៏ទេនោះ ខេត្តក៏មានតំបន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ដូចជាខ្នងភ្នំគូលែន ព្រៃកោងកាង ទឹកសាប តំបន់ទេសចរណ៍តាមមាត់ទន្លេសាប ព្រមទាំងកម្រិតសេវាកម្មថ្នាក់ខ្ពស់ផ្ដល់ជូនទេសចរផងដែរ។ បេតិកភណ្ឌដែលមាននៅពាសពេញមិនអាចរៀបរាប់យ៉ាងខ្លីអស់បានទេ ប៉ុន្តែសម្រាប់ទស្សនាការរយៈពេលខ្លីបំផុត ក៏ទេសចរគួរគប្បីទស្សនាប្រាសាទក្នុងវង់តូច និងវង់ធំដែរ។ សម្រាប់ អ្នកស្រាវជ្រាវ និងផ្សងព្រេងវិញ គួរដឹងថាក្នុងខេត្តមានប្រាសាទជាច្រើន ដែលមិនទាន់មានផ្លូវគមនាគមន៍ទៅដល់ដោយស្រួល ដែលទាមទារពេលវេលាស្នាក់នៅយូរបន្តិច។ ខេត្តនេះមានក្រុង១ គឺក្រុងសៀមរាប និងស្រុកចំនួន១១ រួមមានស្រុកក្រឡាញ់, ជីក្រែង, បន្ទាយស្រី, ប្រាសាទបាគង, ពួក, វ៉ារិន, សូទ្រនិគម, ស្រីស្នំ, ស្វាយលើ, អង្គរជុំ និងស្រុកអង្គរធំ។ និមិត្តសញ្ញានៃខេត្តគឺប្រាកដណាស់ថា ជារូបប្រាសាទអង្គរវត្តអមដោយក្បាលនាគនៃស្ពានហាល ជាប់នឹងបារាយណ៍ទឹកថ្លា និងរហាត់ទឹក។ ប្រជាពលរដ្ឋក្នុងខេត្តមានជាង១លាននាក់ និងដង់ស៊ីតេ ៩៨នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

ទីតាំងនៅលើផែនទី