ប្រាសាទកសាងនៅចុងសតវត្សរ៍ទី៩ បានបាក់បែករលំអស់ នៅសល់តែសំណល់មេទ្វារនិងបំណែកថ្ម។ ប្រាសាទមានប្រាង្គចំនួនប្រាំ សង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាសាទមានឈ្មោះល្បី ដោយមានសិលាចារឹករបស់ បណ្ឌិត សិវសោម ជារាជគ្រូនៃព្រះបាទឥន្ទ្រវរ្ម័នទី១។ បណ្ឌិតនេះជាអ្នកចេះចាំស្ទាត់នូវក្បួនច្បាប់ទាំងឡាយខាងផ្នែកអក្សរសាស្ត្រនិងមន្តវិជ្ជាផ្សេងៗ ហើយបានចងក្រងជារឿងរ៉ាវ និងក្បួនខ្នាតជាច្រើនមានរឿងមហាភារតយុទ្ធ ក្បួនវេយ្យាករណ៍ជាដើម។