ប្រាសាទសូរព្រ័ត្រ មានតួប្រាង្គចំនួន១២ធ្វើអំពីឥដ្ឋ គឺ៦ម្ខាងនៃផ្លូវទៅទ្វារជ័យ។ ក្នុងចំណោមប្រាសាទទាំងនេះ មានពីរបែរមុនទល់ផ្លូវទៅទ្វារជ័យ។ រចនាបថ ស្ថាបត្យកម្ម និងវិចិត្រសិល្បៈនៃប្រាង្គទាំងនេះ មានលក្ខណៈខុសពីគេស្រឡះ ធ្វើឱ្យមានការលំបាកក្នុងការចាត់ថ្នាក់ និងកំណត់កាលបរិច្ឆេទ។ ការសាងសង់ប្រហែលជាត្រូវបានធ្វើឡើងក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ប៉ុន្តែប្រាង្គទាំងនេះមិនបានបង្ហាញពីរចនាបថបាយ័ននោះទេ។ មានការអះអាងខ្លះថា ប្រហែលជាត្រូវបានសាងសង់នៅក្រោយសម័យបាយ័នឬប្រហែលជានៅដើមសតវត្សរ៍ទី១១។ មុខងារដើមរបស់ប្រាង្គទាំងនេះ គឺសម្រាប់ធ្វើការពិភាក្សាគ្នា ប៉ុន្តែនៅក្នុងសតវត្សរ៍ទី១៣ ក្នុងសៀវភៅរបស់បេសកជនជនជាតិចិនមកកាន់អង្គរ លោកជីវតាក្វាន់ បានសរសេរថាប្រាង្គទាំងនោះត្រូវបានគេប្រើ សម្រាប់ដោះស្រាយជម្លោះតាមផ្លូវច្បាប់និងកាត់ក្ដីរឿងឧក្រិដ្ឋកម្មផ្សេងៗ។ ភាគីបណ្ដឹងទាំងសងខាង ត្រូវបានរក្សាទុកនៅក្នុងប្រាង្គរយៈពេលពីរទៅបីថ្ងៃ។ អ្នកដែលធ្លាក់ខ្លួនឈឺនឹងក្លាយជាអ្នកចាញ់ និងកាត់ទោសតាមច្បាប់អាទិទេព។