វត្តប្រាសាទមហរ៍

វត្តមហរជាអតីតទីតាំងប្រាសាទបុរាណមួយ ដែលអាចមានអាយុកាលតាំង ពីស.វ.ទី៧ និងសង់បន្ថែមនៅស.វ.ទី១០ ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងនៅសល់តែថ្មបាយក្រៀមដែលគេយកមកតម្រៀបធ្វើជាគ្រឹះព្រះវិហារថ្មីប៉ុណ្ណោះ។ ទីនេះធ្លាប់ទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នកស្រាវជ្រាវជាច្រើន ប្រហែលជាដោយសារថានៅជិតតំបន់សំបូរព្រៃគុក។ ទីនេះមានផ្តែរទ្វារសម័យមុនអង្គរដែលរក្សាទុកនៅទីតាំងដើមនៅសល់តែមួយកំណាត់ខ្លីមានលម្អដោយក្បាច់បន្ទាត់ធ្នូរាងកោង ឆ្លាក់រូបព្រះពាយជិះសេះនិងមួយទៀតរលុបក្បាច់ច្រើនអាចស្មានបានថាជារូបព្រះឥន្ទ្រគង់លើដំរី ហើយខាងក្រោមជារំយោលផ្កា ដែលអាចសន្មតបានថាស្ថិតក្នុងរចនាបថសំបូរព្រៃគុក។ ចំណែកសិលាចារឹកសម័យមុនអង្គរដែលរក្សាទុកនៅក្នុងព្រះវិហារវិញនោះ ពុំធ្លាប់មានអ្នកសិក្សាស្រាវជ្រាវ ឬចុះបញ្ជីពីមុនមកឡើយ ដែលសិលាចារឹកនេះ ទំនងចារឹកឡើងនៅស.វ.ទី ៧ ហើយរៀបរាប់អំពីតង្វាយដល់អាទិទេពនៃប្រាសាទ រួមមានដូចជា ខ្ញុំបម្រើ ដីស្រែ គោ ក្របី។ល។

ទីតាំងនៅលើផែនទី