តំបន់នេះស្ថិតនៅតាមដងទន្លេស្រែពក មានឆ្នេរខ្សាច់ទឹកទន្លេរាក់ៗ ទឹកជួរនិងមានម្លប់ដើមរ៉ៃលើ មាត់ច្រាំងទន្លេ មានរុក្ខជាតិសម្រាប់អង្គុយលេងបែបធម្មជាតិ។ រមណីយដ្ឋាននេះ ទើបតែមានភ្ញៀវទេសចរមកលេងក្នុងចន្លោះឆ្នាំ ២០១៦នេះទេ ភាគច្រើន នៅរដូវក្ដៅឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅខ្សែទឹកខាងលើក្បែរនោះមានកោះមួយឈ្មោះ កោះម្យើល ដែលជាទីកន្លែងគោរពសក្ការៈរបស់អ្នកភូមិចម្រុះជាតិសាសន៍ ខ្មែរ លាវ និងជនជាតិភាគតិចនៅទីនោះ។ នៅចំកណ្ដាលកោះមានខ្ទមអ្នកតាមួយដែលប្រជាជន តែងតែទៅបន់ស្រន់សុំសេចក្ដីសុខតៗ ហើយក៏មានការតំណាលថា កាលពីសមយ័សង្គ្រាមជប៉ុនបារាំង ពួកបារាំងរត់ទៅពួននៅទីនោះដោយឱ្យអ្នកភូមិជួយបន់អ្នកតាឱយជួយលាក់បំពួនរហូតដល់ជប៉ុនរកមិនឃើញកោះនោះ។ អ្នកភូមិមានជំនឿថា ការកាប់ឈើធំៗបំផ្លាញព្រៃនៅទីនោះនឹងនាំមកនូវជំងឺរាតត្បាតដល់អ្នកភូមិតែម្ដង។ នៅតាមដងទន្លេនៅមានកន្លែងជាច្រើនទៀត ដែលមិនទាន់អភិវឌ្ឍន៍គ្មានផ្លូវទៅដល់ហើយល្អៗទៀតផង ដូចជា ៖ ទឹកជួរកៃសាន, ទឹកជួរទន្លេម្រើច, និងភ្នំស្រស់ស្អាតជាច្រើន។