ប្រាសាទកសាងឡើងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី២ នៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុងមានកាំជណ្ដើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ ប្រាសាទមានរាងជាសាជី មាន៤ថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានចម្លាក់ព្រះឥន្រ្ទគង់លើដំរីព្ធរាវ័ណ ឯចុងទាំងសងខាង មានចម្លាក់ព្រះគណេសនិងនៅមាត់ទ្វារខាងកើតមានសិលាចារឹក។ សិលាចារឹកនៅលើទ្វារប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ អំពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ ដែលតំណាលអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខ្មែរក្នុងជាលំនាំរឿងព្រេងស្ដីពីឥសីនាម “កម្ពុ” (ដែលបង្កើតដោយឯកឯង=ស្វយម្ភូ) និងនាង “មេរា” ទើបបង្កើតជាកូនចៅតរៀងមក។ ប្រាសាទបក្សីចាំក្រុងមានកម្ពស់ ២៧ ម៉ែត្រ គិតពីបាតដល់កំពូលហើយកាលមុនប្រហែលជាមានកំពែងព័ទ្ធជុំវិញ។