ក្រុងបាត់ដំបង

ខេត្តដ៏ចំណាស់នៅភាគពាយ័ព្យនៃប្រទេស មានដីដ៏មានជីរជាតិ ធ្លាប់មានឈ្មោះជា ជង្រុកស្រូវ របស់កម្ពុជា។ ខេត្តបាត់ដំបងធ្លាប់មានប្រវត្តិត្រូវបានសៀមគ្រប់គ្រងអស់រយៈពេលយ៉ាងយូរមួយនេះដែលឈ្មោះនេះទើបចារឹកឡើងក្រោយសម័យអង្គរ ដែលគេបានផ្សារភ្ជាប់ទៅនឹងរឿង តំណាលពីការបាត់ដំបងរបស់ តាដំបងក្រញូង ដែលធ្លាប់ឡើងសោយរាជ្យដោយអំណាចនៃដំបងគ្រញូងមួយ អាចចោលសម្លាប់សត្រូវហើយ វិលបកមករក ម្ចាស់វិញ។ ប៉ុន្តែសម័យថ្ងៃមួយ គាត់ត្រូវអស់ឫទ្ធិ ទើបចោលដំបងនោះហើយ មកបាត់នៅទីនេះ។ ក្នុងសម័យអង្គរ បឹងទន្លេសាបគឺជាដែនដី អមោឃបុរៈនិងជាដែនដី ភិមៈបុរៈ។ នៅក្នុងសម័យនោះ ភូមិភាគនេះមានការរីកចម្រើនខ្លាំងដោយសារ ដីមានជីរជាតិមានមនុស្សរស់នៅកុះករ។ ដែនដីខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ដោយការឈ្លានពានពីសំណាក់ពួកសៀម រវាង៣សតវត្ស ហើយត្រូវគ្រប់គ្រងដោយសៀម ជាងមួយសតវត្ស ដោយ ចៅហ្វាបែន ឬ ត្រកូលអភ័យវង្ស អស់៦តំណរហូតដល់ឆ្នាំ១៩០៧ ដែលគេច្រើនប្រើ ពាក្យថា សម័យលោកម្ចាស់។ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់ខេត្តបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្ដូរ និងខេត្តត្រាតនិងតំបន់ប៉ាកសេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ មកឱ្យកម្ពុជាវិញ។ ក្នុងរបបប៉ុលពត បាត់ដំបងជាតំបន់ទទួលទារុណកម្មកាប់សម្លាប់និងបង្អត់អាហារយ៉ាងព្រៃផ្សៃ។ ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររួមមាន ប្រាសាទបុរាណ ផ្ទះបុរាណ និងវិហាបុរាណជាដើម រួមនឹងទេសចរណ៍ធម្មជាតិ រាប់មិនអស់ ជាពិសេសតាមដងស្ទឹងសង្កែដ៏វែងអន្លាយ។ ខេត្តបាត់បំបងមានស្រុកចំណុះចំនួនច្រើនជាងខេត្តដទៃ គឺរហូតដល់១៣ រួមមាន ស្រុកកំរៀង, គាស់ក្រឡ, ថ្មគោល, បវេល, បាណន់, ភ្នំព្រឹក, មោងឫស្សី, រតនមណ្ឌល, រុក្ខគិរី, សង្កែ, សំពៅលូន, សំឡូត, ឯកភ្នំ ព្រមទាំងក្រុង១ គឺបាត់ដំបង។ ខេត្តមាននិមិត្តសញ្ញារូបដំបងគ្រញូង ដាក់លើជើងពានអមដោយកួរស្រូវជា រាងស្នែងក្របី។ ប្រជាជនក្នុងខេត្តមាន ជិតមួយលាននាក់ ដង់ស៊ីតេ ៨៩នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

ទីតាំងនៅលើផែនទី