ប្រាសាទនាគបួសឬអ្នកបួស សាងសង់ជាច្រើនជំនាន់ទើបមានរចនាបថផ្សេងៗគ្នា គឺកសាងឡើងដោយអតីតព្រះមហាក្សត្រខ្មែរបួនសម័យកាល។ ប្រាសាទនេះត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី៧ នឹងបន្តសាងសង់ដល់សតវត្សរ៍ទី១១។ ប្លង់ទូទៅគឺមានកំពែងថ្មបាយក្រៀមទំហំ ១០០x៣០០ ម៉ែត្រ មានគោបុរៈបែរមុខទៅទិសខាងត្បូង មានជណ្ដើរឡើង១១កាំ។ កំពែងទីពីរនិងទីបីសង់ពីថ្មបាយក្រៀមលំអដោយថ្មភក់។ ក្នុងកំពែងនេះមានក្រុមប្រាសាទ មានប្រាង្គចំនួន៨ និងប្រាង្គខ្ពស់មួយ។ នៅខាងក្រៅកំពែងក៏មានប្រាសាទផ្សេងទៀតផងដែរ។ ប្រាង្គទាំងនេះសាងសង់អំពី ឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ស្ថិតនៅលើកូនភ្នំមួយ ដើមឡើយមានឈ្មោះថា ច័ន្ទនគិរី ដែលទីតាំងនេះធ្លាប់ជាសហគមន៍ធំមួយនៅសម័យបុរេអង្គរ។ ប្រាង្គធំនៅចំកណ្ដាលបែរមុខទៅខាងត្បូង ចំណែក នៅក្នុងនិងនៅក្រៅបរិវេណប្រាសាទមានមានស្រះតូចៗជាច្រើន។ ការដ្ឋានយកថ្មពីសម័យបុរាណនៅខាងលិចប្រាសាទនេះ ហើយនៅបរិវេណនេះគេរកឃើញសិលាចារឹកចំនួន៩ ផ្ទាំង។