ប្រាង្គមួយទៀតដែលអ្នកផងជាទូទៅស្គាល់ឈ្មោះថា ប្រាសាទជ្រៃ N១៨ ក៏ស្ថិតនៅក្នុងបរិវេណកសិន្ទុទឹកនៃក្រុមប្រាសាទសំបូរដូចគ្នា ។ ប្រាង្គនេះ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ហើយនៅផ្នែកខាងក្នុង គេតម្រៀបជាពិតានភ្ជាប់គ្នាដោយកំណាត់ថ្មភក់ព័ទ្ធជុំវិញ។ នៅផ្នែកខាងក្នុងទិសខាងលិចមានហ៊ឹងធ្វើអំពីបន្ទះថ្មភក់ផ្តេកជាប់និងជញ្ជាំងរាងខ្ពស់បន្តិច ដូចជាធ្នើរសម្រាប់ដាក់របស់ផ្សេងៗឬអាចតម្កល់ទេព។ នៅទិសខាងជើងវិញ មានសោមសូត្រធ្វើអំពីថ្មភក់។ គេហៅថា «ប្រាសាទជ្រៃ» ព្រោះមានដើមជ្រៃដុះរុំព័ទ្ធជុំជិតប្រាសាទ តាំងពីជាង ១០០ ឆ្នាំមុន គ្រាដែល លោក Henri Parmentier មកសិក្សាស្រាវជ្រាវម៉្លេះ។ ប្រាសាទជ្រៃមានក្បាច់លម្អទ្វារ បញ្ឆោតប្លែកពីគេ គឺមានរចនាបថព្រៃក្មេង (គ.ស.៦៣៥-៧០០) ពោលគឺទំនងជាសាងឡើងនៅចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឬដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២ ហើយនៅប្រាង្គនេះ គេក៏បានរកឃើញសិលាចារឹកមួយលេខ K.149 ដែរ។