ឧទ្យានជាតិកែប

ឧទ្យានមាន​ផ្ទៃ​ដី ៩.០០០ ហិកតានេះ ជាឧទ្យាន​តែមួយគត់ដែលស្ថិតនៅក្នុងទីរួមខេត្ត មានទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រនិងព្រៃ​កោង​កាង។ ទីនេះបានដើរតួជា​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ ដូច​ជា​ចតុប្បាទ​បក្សា​បក្សី​សម្បូរ​បែប​ប្រកប​ដោយ​ជីវសាស្ត្រ​ចម្រុះ និង សោភណភាព​ទេសភាព​ស្រស់​បំព្រង ហើយត្រូវបានប្រកាស​​ជា​ឧទ្យាន​ជាតិ​ដោយ​ព្រះរាជ​ក្រឹត្យ ដែល​ឡាយ​ព្រះហស្ថលេខាដោយ​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម សីហនុវរ្ម័ន នាឆ្នាំ១៩៩៣។ ភ្ញៀវ​មិនច្រើន​​ទេ ជា​ពិសេស​ទេសចរ​ក្នុង​ស្រុកដែល​​​បាន​ដឹង និង​បាន​ដើរ​​កម្សាន្ដ​លេង​លើ​ភ្នំ​នៃ​ឧទ្យាន​ជាតិ​កែប។ នៅ​ផ្លូវ​ជុំវិញ​ភ្នំ​ យើង​អាច​ជិះ​កង់​ ឬ​ជិះ​ម៉ូតូ​។ មាន​ផ្លូវ​ដើរ ពី​កំពូល​ភ្នំ​១ទៅ​កំពូល​ភ្នំ​១លើ​ចម្ងាយ​ផ្លូវ៨គីឡូម៉ែត្រ លើភ្នំ​កម្ពស់​ត្រឹម ​១៤០ ម៉ែត្រ ត្រង់​ចំណុច​កំពូល​។ នៅទីនោះទេសចរ​អាច​គយគន់​ផ្ទៃ​សមុទ្រ​ជួរ​ភ្នំ​បូក​គោ​នៅ​ភាគ​ខាង​ត្បូង ក៏​ដូចជា​កោះ​ត្រល់​ផង​ដែរ​។ ​ផែនទី​នឹងបង្ហាញ​អំពី​ចំណុចសម្រាប់​គយគន់​ខេត្ដ​កំពត ទឹក​ធ្លាក់​ស្រីតាល់ ចំណុច​កំពូល​ភ្នំ ទេសភាព​ឆ្នេរ​អង្កោល ស្រះ​តូច មជ្ឈមណ្ឌល​តាំង​សមាធិ កន្លែង​គន់​ថ្ងៃលិច និង​សេះ​ថ្ម​ជាដើម។

ទីតាំងនៅលើផែនទី