ប្រាសាទក្រោលគោកសាងឡើងតាមរចនាបថបាយ័នដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិតនៅលើលានរាងកាកបាទ មានហោត្រៃមួយធ្វើអំពីថ្មបាយក្រៀមនិងថ្មភក់ ហើយបែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀមដែលមានគោបុរៈនៅទិសខាងកើតនិងមានគូទឹកព័ទ្ធជុំវិញ។ ក្បាច់ចម្លាក់គួរឱ្យចាប់អារម្មណ៍ភាគច្រើនបាក់ធ្លាក់ និងត្រូវបានគរទុកនៅលើដី។