ប្រាង្គដែលសំខាន់មួយទៀតដែលអ្នកផងស្គាល់ឈ្មោះថា “ប្រាសាទស្រង់ព្រះ” “ប្រាសាទស្រែងត្រាច” ឬជួនហៅថាប្រាសាទសុំទឹកភ្លៀង N២២ សាងឡើងអំពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះជាទីតាំងដែលគេធ្លាប់រកឃើញបដិមាព្រះព្រហ្មតម្កល់នៅខាងក្នុងប្រាសាទ ហើយនៅរក្សារូបរាងដើមបានល្អច្រើន ដូចជា ផ្តែរ និងសសរពេជ្រជាដើម។ ទ្វារលម្អជារំយោលឬកញ្ចុំផ្កាដែលជាលក្ខណៈដំបូងនៃរចនាបថព្រៃក្មេង ស.វ.ទី៧ ក្នុង រាជ្យព្រះបាទភវវរ្ម័នទី២។ រីឯនៅតាមជញ្ជាំង មិនមានលម្អជាទ្វារបញ្ឆោតដូចនៅប្រាសាទដទៃទេ គឺជាផ្ទៃជញ្ជាំងរៀបឥដ្ឋលាតស្មើ តែនៅតាមក្បាលជញ្ជាំងមានលម្អដោយចម្លាក់ហង្សជាយានជំនិះរបស់ព្រះព្រហ្ម។ ប្រាសាទដែលឧទ្ទិសដល់ព្រះព្រហ្ម តាមទ្រឹស្តីនៃទេវកថា “លិង្គាន្ត” ឬ “កំណើតលិង្គ” ត្រូវនៅឆ្ងាយពីប្រាសាទឧទ្ទិសដល់ព្រះសិវឬឥសូរ (បើនៅជិតទាល់តែតម្រៀបជាប្រាង្គបីជាត្រីមូត៌) ទើបប្រាសាទនេះស្ថិតនៅទិសអាគ្នេយ៍នៃសំណង់ឥសូរ N១ ដូចគម្ពីរបានចែង។