ក្រុងកែប

ថ្វីត្បិតតែខេត្តកែបជាខេត្តតូចបំផុតរបស់ប្រទេសកម្ពុជា មានវិសាលភាពត្រឹម ៣៥២គីឡូម៉ែត្រការ៉េ ប៉ុន្តែជាខេត្តប្រកបដោយសក្ដានុពលទេសចរណ៍ធំធេង។ ខេត្តទើបបង្កើតឡើងនាឆ្នាំ ២០០៨ ដោយបំបែក ចេញពីខេត្តកំពត មានតែស្រុកដំណាក់ចង្អើរមួយ និងក្រុងកែប មួយតែប៉ុណ្ណោះ។ ខេត្តកែបជាខេត្តទេសចរណ៍ តាំងពីសម័យសង្គមរាស្ត្រនិយម និងជាខេត្តមានដំណាំកសិឧស្សាហកម្មដូចជាម្រេច និងឈើហូបផ្លែផ្សេងៗ។ ក្នុងនាមជាទីក្រុងឆ្នេរសមុទ្រនៅកៀកភ្នំពេញជាងគេ នៅទីនេះមាន ព្រៃកោងកាង និង ឆ្នេរសមុទ្រគ្រួសខ្មៅៗ។ កែបសំបូរអាហារសមុទ្រ ថោកៗ ហើយឆ្ងាញ់ ជាពិសេសគឺក្ដាមសមុទ្រ។ តំបន់ទេសចរណ៍ ជាច្រើននៅក្នុងខេត្ត រួមមាន ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និងឧទ្យានជាតិផងដែរ។ ក្នុងក្រុងកែបមានតាំងពីសណ្ឋាគារប្រណិត រហូតផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ កែបជាទៀបកោះ រាងត្រីកោណប្រហែលនឹងកែបសេះ ធ្វើឱ្យអ្នកខ្លះយល់ថា ជាប្រវត្តិឈ្មោះខេត្ត។ តាមរឿងនិទានតៗគ្នា ទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយអង្គព្រះនាម សាគររាជ បានប្រើមន្តអាគមសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ ស្តេចសាគររាជ និង ពលសេនា ក៏បានភៀសខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏មកដល់ ធ្វើឱ្យស្តេច សាគររាជភិតភ័យឡើងបំផាយសេះ ប៉ុន្តែសេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ថ្វីត្បិតតែខេត្តមានទំហំតូច តែខេត្តនេះមិនចង្អៀតទេព្រោះមានប្រជាជនតិច គឺដង់ស៊ីតេត្រឹម ១២៩នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយនិមិត្តសញ្ញាខេត្តគឺរូបសេះសដែលមានអត្ថន័យទាក់ទងដល់កែបសេះផងដែរ។

ទីតាំងនៅលើផែនទី