សហស្រ(១០០០) + លិង្គ ជាពាក្យក្នុងភាសាសំស្ក្រិតដែលប្រែជាខ្មែរថា លិង្គ១០០០។ ក្នុងព្រហ្មញ្ញសាសនា លិង្គជារូបតំណាងឱ្យព្រះឥសូរ។ ខ្មែរបុរាណហៅសហស្រលិង្គ គឺសំដៅទៅលើចម្លាក់លិង្គដែលមានរាប់ពាន់នៅតាមបាតស្ទឹង។ សិលាចារឹកនៅ ក្បាលស្ពានជាភាសាខ្មែរ បុរាណក្ដី និងជាសំស្ក្រឹតក្ដី បានហៅចម្លាក់លិង្គព្រះឥសូរដ៏ច្រើននោះថា «សហស្រលិង្គ»ដូចគ្នា។ នៅជិតចំណតរថយន្តលើភ្នំគូលែន យើងអាចឃើញចម្លាក់ទាំងនេះនៅបាតស្ទឹងជិតនោះ ឬមួយនៅកន្លែងមួយទៀតហៅថាក្បាលស្ពាន។