ប្រាសាទបន្ទាយព្រាវ

សំណង់ប្រាសាទដ៏ធំមួយនេះបង្ហាញពីទ្រង់ទ្រាយប្រាសាទមានប្រាង្គបី ដែលសព្វថ្ងៃត្រូវបាក់បែកស្ទើរតែទាំងស្រុង។ ប្រាសាទនេះមានចំណារអក្សរចារឹកជាច្រើនផ្ទាំងដែលសាលាបារាំងចុងបូព៌ាប្រទេសបានជំរឿនលេខ K.220, 221, 222។ យោងតាមសិលាចារឹកប្រាសាទនេះសាងឡើងក្នុងអំឡុងស.វ.ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ខាងសិវនិកាយ ហើយមានឈ្មោះដើម ថា សិវលិង្គត្បូងរមាំង។ សព្វថ្ងៃ អ្នកស្រុកច្រើនហៅថា «កំពែងព្រាវ» ចំណែកឈ្មោះផ្លូវការគឺ «បន្ទាយព្រាវ»។ ប្រាសាទប្រកបដោយកំពែងបីជាន់ មានគូទឹក នៅខាងកើតប្រាសាទមានស្រះធំមួយមានទំហ៊ុំ 600 X 400 ម.។ កំពែងខាងក្នុងសង់ពីថ្មបាយក្រៀមដូចកំពែងខាងក្រៅដែរមានចម្ងាយប្រមាណ ៣០ម៉ែត្រពីកំពែងក្រៅ នៅមានរូបរាងច្បាស់លាស់ មានប្រវែងប្រមាណ ៤០ម៉ែត្របួនជ្រុង។ បរិវេណខាងក្នុងត្រូវបានខ័ណ្ឌជាពីរផ្នែកខាងមុខនិងខាងក្រោយ ដោយកំពែងទទឹងមួយ។ ប្រាសាទបែរមុខទៅកើត តែត្រូវបានគាស់កកាយខ្ទេចខ្ទីអស់ បន្សល់ទុកនូវគំនរឥដ្ឋ ថ្មបាយក្រៀម និងបំណែកថ្មភក់ខ្លះព្រមទាំងផ្កាឈូកជាកំពូលប្រាសាទផងដែរ។

ទីតាំងនៅលើផែនទី