ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ប្រកបដោយក្បាច់ចម្លាក់ដ៏អស្ចារ្យ។ នៅលើជញ្ជាំងកំពែងខាងក្នុងឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ។ អ្នកជំនាញការបង្ហាញការចាប់អារម្មណ៍ថា ប្រាសាទនេះមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានេះ។ ចម្លាក់សំខាន់ជាងគេគឺរូបអវតាលោកេស្វរៈព្រះហស្ថ៣២ជាពោធិសត្វ នៃព្រះពុទ្ធសាសនាអមដោយចម្លាក់រូបអវតាព្រះហស្ថ១៦ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នានៅជ្រុងផ្សេងត្រូវជនទុច្ចរិតគាស់យកបាត់ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ។ គេក៏រកឃើញរូបព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រដ៏ខ្លាំងពូកែល្បីល្បាញកំពូលនៃប្រវត្តិសាស្ត្រ ខ្មែរ ទ្រង់ពស្ត្រាជាព្រះរាជវាំងបំពេញរាជកិច្ច ឬផ្ដល់សវនាការដល់មន្ត្រីរាស្ត្រ និងភ្ញៀវបរទេសទ្រង់ប្រដាប់ព្រះកាយដោយពស្ត្រាទ័ពនិងអាវុធ។ មានរូបចម្លាក់ពណ៌នាពីចម្បាំងនៃកងទ័ពដំរី ទ័ពជើងទឹក (ទូក) ព្រមទាំងរូបចម្លាក់បង្ហាញពីទ័ពបច្ចាមិត្តដែលមេទ័ពចាប់បានរួចកាត់ក្បាលមកជូនមេទ័ពឬថ្វាយស្ដេចជាភ័ស្ដុតាង។ ក្រៅពីនេះក៏មានរូបចម្លាក់ផ្កាភ្ញីសក្ការៈ ផ្កាភ្ញី រុក្ខជាតិព្រៃ និងដំណាំផ្សេងៗ សត្វម្រឹគីម្រឹគា សត្វស្លាប សត្វល្មូន មច្ឆជាតិ ដែលជាសត្វព្រៃរហូតដល់សត្វស្រុក មានសត្វពាហនៈ សត្វចិញ្ចឹមជាដើម។ល។ លើសពីនេះទៀត មានចម្លាក់នៃជីវភាពមនុស្សពាក់យ័ន្ត គាថា និងការតុបតែងខ្លួន ការសង្គ្រោះមនុស្ស ការប្រកបរបរត្បាញ របរកសិកម្ម ការសម្រាលកូន កីឡាប្រជល់មាន់ កីឡាចំបាប់ជាដើម។ ចម្លាក់ដែលទាក់ទងនឹងប្រវត្តិប្រាសាទនេះមានការច្បាំងរវាងទ័ពនៃមេទ័ពស្រីឥន្ទ្រកុមារ ព្រះរាជបុត្រឆ្នើម និងសំណព្វព្រះទ័យនៃព្រះនាងជ័យទេវី និងព្រះបាទជ័យវរ្ម័នទី៧ និងមេទ័ពជំនិតដែលច្បាំងតទល់នឹងសត្វរាហ៊ូ តំណាងដល់ជនបះបោរនៃសម័យមហានគរ។ រូបនោះគេឃើញគោអូសរទេះត្រូវសត្វចម្លែកដ៏ធំមួយ ឬខ្លះហៅថារាហ៊ូលេបចូលអស់មួយកំណាត់ខ្លួនទៅហើយ ដែលរូបនោះតំណាងឱ្យពួកក្បត់បះបោរទៅលពបុរីនិងនៅនគរចម្ប៉ានាសម័យនោះ។ ប្រាសាទមានស្រះទឹកចំនួន ៤ អមសងខាង និង២នៅទិសខាងលិច ដែលស្ថិតក្នុងបរិវេណគោបុរៈទី៣ ព្រមទាំងហោត្រៃពីរដែលស្ថិតនៅចំចន្លោះស្រះទិសខាងលិចផងដែរ។ ប្រាសាទបន្ទាយឆ្មារ មានប្រាសាទរណបប្រាំបី នៅតាមទិសធំៗទាំងបួន ហើយនិងប្រាសាទយាយជូមួយទៀតនៅទិសអគ្នេយ៍ស្ថិតក្នុងរចនាបថបាយ័ន។ នៅទិសខាងត្បូង មានប្រាសាទតាព្រហ្ម និងប្រាសាទតាផ្លាំង។ នៅទិសខាងលិច មានប្រាសាទតាណែម និង ប្រាសាទស្រណាងតាសុខ។ នៅទិសខាងជើង មានប្រាសាទយាយកុំនិងប្រាសាទតាផៃឬចិញ្ចឹមត្រី។ ចំណែកនៅទិសខាងកើត មានប្រាសាទតាអឹមនិងមានបារាយណ៍ទឹកដ៏ធំមួយមានទំហំ ៨០០x១២០០ ម៉ែត្រ ហើយនៅចំកណ្ដាល មានប្រាសាទសង់លើទួលកណ្ដាលបារាយណ៍ឈ្មោះប្រាសាទមេបុណ្យ។ ប្រាសាទយាយជូ ស្ថិតនៅទិសអាគ្នេយ៍ នៃប្រាសាទកណ្ដាល ប្រមាណពីររយហាសិប ម៉ែត្រពីស្ពានហាល។ ចំណែកប្រាសាទតាផ្លាំងនៅកៀកនឹងប្រាសាទតាព្រហ្មតែចម្ងាយតែដប់ប្រាំម៉ែត្រប៉ុណ្ណោះ។ ក្នុងចំណោមប្រាសាទរណបតាមទិសមេទាំងប្រាំបី មានប្រាសាទរណបបួនដូចគ្នាទាំងរូបរាង និង ការរៀបចំ ដែលតាមការស្រាវជ្រាវបង្ហាញថា នៅតាមទិសនីមួយៗប្រាសាទទីមួយជាហោបន់ស្រន់នៃមន្ទីរពេទ្យ ចំណែកប្រាសាទមួយទៀតជាអគារព្យាបាលអ្នកជំងឺតាមបែបសាសនា។ មន្ទីរពេទ្យឬអរោគ្យសាលាដែលសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នោះមានលក្ខណៈស្រដៀងគ្នាគឺប្រាសាទតាផ្លាំង ប្រាសាទតាអឹម ប្រាសាទ យាយកុំ និង ប្រាសាទតាណែម គឺមានរូបរាងជាប្រាង្គមុខព្រហ្មមានថែវភ្ជាប់ទៅខ្លោងទ្វារ ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម និង មានខ្លោងទ្វារ តូចមួយពីលិច នៅជ្រុងអាគ្នេយ៍ មានបណ្ណាល័យមួយសាងអំពីថ្មបាយក្រៀមលាយថ្មភក់។ នៅទិសឦសានខាងក្រៅពី កំពែងទីមួយ មានស្រះ ទឹកមួយ ហើយទីធ្លា ទាំងនេះ ហ៊ុមព័ទ្ធដោយ កំពែងថ្មបាយក្រៀម មួយជាន់ទៀត និង មានខ្លោងទ្វារ លិចកើត ទៀតផង ប៉ុន្តែខ្លោងទ្វារ ខាងកើត ប្រាសាទតាផ្លាំង ពុំឃើញមាន ថ្មនៅសល់ទេ។ ប្រាសាទតាព្រហ្មបន្ទាយឆ្មារត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធព្រះរាជបុត្រារបស់ទ្រង់ព្រះនាមស្រិន្ទកុមារ និងមេទ័ពធំ៤នាក់ (សញ្ជាក) បានពលីជីវិត ដើម្បីការពារជាតិមាតុភូមិក្នុងសង្គ្រាមខ្មែរ-ចាម ហើយដែលត្រូវបានគេតំណាងក្រោមរូបភាពព្រះពោធិសត្វអវលោកេស្វារៈ។ ប្រាសាទនេះរក្សាបាននូវក្បាច់រចនាមួយចំនួនគួរឱ្យចាប់អារម្មណ៍ជាអនេក ដូចជាក្បាច់ផ្តែរជាដើម។ ប្រាសាទតាព្រហ្មនៅសល់តែប្រាង្គមួយតែប៉ុណ្ណោះ ដែលនៅកំពូលគេឃើញមានព្រះសិរសាតំណាងឱ្យ ព្រះអវលោកេស្វរៈ មានព្រះភ័ក្ដ្រ៤ ញញឹមទៅកាន់ទិសទាំង៤។ ប្រាសាទទោលនេះបែរមុខទៅទិសខាងកើត ហើយហ៊ុមព័ទ្ធជុំវិញដោយស្រះមួយយ៉ាងធំ។ បូជនីយដ្ឋាននេះ គឺជាទីតាំងមួយប្រកបដោយភាពស័ក្ដិសិទ្ធអស្ចារ្យ ដែលពួកអ្នកស្រុករមែងតែងតែគោរពបូជា។ ជាទិដ្ឋភាពរួម ប្រាសាទតាព្រហ្មមានកំពែងធ្វើអំពីថ្មបាយក្រៀម អមដោយទ្វារចូលឬគោបុរៈចំនួនបួន និងប្រាង្គមួយនៅចំកណ្ដាលដែលមានស្រះទឹកដ៏ធំមួយហ៊ុមព័ទ្ធជុំវិញ។ ជាអកុសលកំពែងនិងគោបុរៈទាំងនោះ ផ្នែកខាងក្រៅនិងផ្នែកខាងក្នុងត្រូវបានរលំរលុះស្ទើររាបស្មើនឹងដី។ សម្រាប់ប្រាសាទស្រណាងតាសុខវិញ ភាគច្រើនគេបានហៅដោយយល់ច្រឡំថា ប្រាសាទ«សំណាងតាសុខ» ដែលតាមពិតគឺមានឈ្មោះថា «ស្រណាងតាសុខ» មានន័យតាមវចនានុក្រមខ្មែរ គឺជាធ្នើនៅលើដើមឈើ សម្រាប់លបបាញ់សត្វនៅពេលយប់។ នៅមានកូនចៅតំណក្រោយរបស់តាសុខរស់នៅទីនេះ ដែលដឹងពីរឿងនេះ គឺ ព្រានមានតំណមមិនចុះពីស្រណាងនេះនៅពេលយប់ជាដាច់ខាត ទោះមានឧប្បត្តិហេតុយ៉ាងណាក៏ដោយ ព្រោះអាចជាស្នាដៃប្រែកាឡារបស់ខ្មោចព្រាយ។ ឈ្មោះប្រាសាទរណបទាំងនេះកើតដោយសារអ្នកស្រាវជ្រាវបារាំងដាក់តាមឈ្មោះរបស់ម្ចាស់ទីតាំងនៅជំនាន់មុនក្នុងអំឡុងឆ្នាំ ១៨០០គ.ស.នេះទេ។

ទីតាំងនៅលើផែនទី