ប្រាសាទមានរចនាបថបន្ទាយស្រី សង់នៅសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទសង់ពីថ្មភក់ក្រហម លើគ្រឹះថ្មបាយក្រៀម មានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារ បញ្ឆោតពីទិសដទៃ។ ប្រាសាទមានហោត្រៃពីរធ្វើពីថ្មភក់ និងថែវថ្មភក់មានបង្អួចចំរឹង។ ប្រាសាទមានកំពែងបីជាន់ ហើយនៅជុំវិញមានស្រះបួន ហើយមានផ្លូវចូលខ្វែងគ្នា។ មានគូទឹកបីជាន់ព័ទ្ធជុំវិញប្រាសាទនេះ ដែលធ្លាប់រងគ្រោះក្នុងសម័យសង្គ្រាមស៊ីវិល ឆ្នាំ ១៩៩៣ ដោយមានការប្រយុទ្ធគ្នានៅតំបន់នេះ ហើយបានបន្សល់ទាំងរណ្ដៅគ្រាប់ផ្ទុះនៅរមណីយដ្ឋាននេះផងដែរ។ ប្រាសាទនេះមានសិលាចារឹកលេខ K.២៤៦, K.២៤៧ និង K.២៤៨។