ប្រាសាទភ្នំដា

ប្រាសាទរាង៤ជ្រុងសង់ពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងជើង សង់ក្នុងស.វ.ទី១១ ក្នុងរចនាបថឃ្លាំង សង់លើខឿនប្រាសាទចាស់។ ទីនេះជាប្រភពសិលាចារឹកលេខ K.670, K.830, K.556, K.549,K29។ តំបន់នេះ ត្រូវបានគេជឿថា ជាកន្លែងចាប់ផ្តើមនៃអារ្យធម៌ខ្មែរ។ ប្រាសាទនេះ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម ភ្នំមួយកម្ពស់ ៥៥ម៉ែត្រ មានជណ្តើរឡើងនៅជ្រុងខាងជើងឆៀងខាងកើត ហើយពុំមានកំផែងព័ទ្ធជុំវិញទេ។ កំពូលប្រាសាទបាក់បែកមួយផ្នែកធំ ចំណែកផ្ដែររចនាជារឿង កូរសមុទ្រទឹកដោះ និងបង្ហាញពីព្រះវិស្ណុកំពុងផ្ទុំ។ ប្រាសាទនេះមានរាងជាការ៉េ ទំហំ ១២ម x ១២ម កំពស់ ១៨ម មានទ្វារ៤ គឺទ្វារពិតមួយ និងទ្វារបញ្ឆោតបី។ រឿងនិទានទាក់ទងនឹងភ្នំនេះ គឺរឿងព្រះនាង "អាក់អ" ដែលប្រតិព័ទ្ធទៅលើបុរសទុគ៌តម្នាក់ ហើយត្រូវបិតាដាក់ពោងពាយបំបរបង់មកទើរនៅទីនេះ។ បុរសជាប្ដីទៅរកឧសពីក្នុងព្រៃបានសុទ្ធតែដើមចន្ទន៍ក្រស្នា និងប្រទះដុំមាសជាច្រើនតែមិនស្គាល់ទេ។ លុះប្រពន្ធបានវត្ថុមានតម្លៃទាំងនេះហើយ ក៏លើកទង់មួយខ្ពស់ជាសញ្ញារកសំពៅជំនួញ។ ឯនាយសំពៅក៏ព្រមដោះដូរជាមួយ ជាងមាសចំនួន ១០០ នាក់ ខ្ញុំប្រុស ១០០ នាក់ស្រី ១០០ មកជាបម្រើ។ ទើបព្រះនាងអាក់អ និង ស្វាមី ប្រកាសខ្លួនជាស្ដេច នាមថា ព្រះបាទ "សង្ខចក្រ" និង ព្រះនាងអាក់អ ចាត់ចែងលើសម្បត្តិទាំងនោះ។ ព្រះបាទសង្ខចក្រ បានចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយ ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំ ដែលមានគុណឧបការៈលើព្រះអង្គ។

ទីតាំងនៅលើផែនទី