ប្រាសាទព្រហ្មកិល

ប្រាសាទព្រហ្មកិល នៅខាងជើងស្ទឹងចម្ងាយប្រហែលជា ១៥០ ម៉ែត្រ ជិតស្ពានទ័ព ដែលពិនិត្យតាមឈ្មោះ ជាប់ទាក់ទងរឿងព្រេងមួយ។ រឿងនោះនិទានពីបុរសអ្នកដើររកផ្ដៅម្នាក់ បានប្រទះឃើញដើមរកាខ្មៅមួយ យកមកធ្វើជាដំបងយ៉ាងមាំ ហើយល្អអស្ចារ្យ សន្មតហៅថា "ដំបងក្រញូង" ជារូបតំណាងខេត្តបាត់ដំបង។ ក្រោយពីបានដំបងនេះមកកាន់កាប់ថែរក្សា បុរសនោះក៏ក្លាយទៅជាអ្នកមានបារមីរហូត វាយដណ្ដើមយករាជសម្បត្តិអំពីស្ដេចចក្រពត្តិ។ លុះសោយរាជ្យបាន៧ឆ្នាំ៧ខែ៧ថ្ងៃ ក៏ទតឃើញផ្កាយមួយមានពន្លឺភ្លឺចិញ្ចែង ដែលហោរាបានទស្សន៍ទាយថា នឹងមានអ្នកមានបុណ្យមកចាប់បដិសន្ធិ។ ស្ដេចក៏ចាត់ឱ្យកាប់សម្លាប់ស្ត្រីមានផ្ទៃពោះឱ្យអស់ តែមានស្ត្រីស្នំម្នាក់មានទារកនៅរស់ហើយធ្លាក់លើភ្លើង ឆេះរលាកដៃជើងទៅជាខ្វិនខ្វង់នៅក្នុងគុម្ពផ្ដៅក្រែក។ ពេលក្រោយមកកុមារតែងកិលដោយគូថ ទើបគេហៅ ព្រហ្មកិល ឬ ពញាក្រែក។ អ្នកមានបុណ្យនោះត្រូវតាចាស់ជាទេវតាតំណែងខ្លួនម្នាក់យកសេះមកផ្ញើ ហើយសេះនោះជួយ ឱ្យលែងពិការបានឡើងសោយរាជ្យផងដែរ។ នេះជារឿងព្រេង តាមការពិតប្រាសាទព្រហ្មកិល ជាសាលាសំណាក់មួយតាមដងផ្លូវ បុរាណអង្គរធំភិម័យ ដែលមានសភាពដូចប្រាសាទជាសាលាសំណាក់ដទៃទៀតផងដែរ។ ប្រាសាទព្រហ្មកិល សង់ពីថ្មបាយក្រៀម រាង៤ជ្រុង និងសង់បែរមុខរកផ្លូវបុរាណ។ ពីសម័យមុនផ្លូវនេះមានហ្វូងមនុស្សជាច្រើនឆ្លងកាត់ ក្នុងនោះក៏មានជនជាតិសៀមដែលធ្វើដំណើរចុះដើម្បីមកធ្វើប្រហុកនៅទន្លេសាបផងដែរ។ ខុសប្លែកពីសំណង់ប្រាសាទដែលសម្រាប់ធ្វើយញ្ញពិធី ប្រាសាទនេះ មានបង្អួចនៅប្រាង្គទាំងបី នៃប្រាសាទធ្វើពីថ្មបាយក្រៀមនេះ។ មានសំណង់ឥដ្ឋដែលហាក់ដូចជា បន្តុបបន្ថែមនៅក្នុងតួប្រាសាទ ចំណែកផ្ដែរមានឆ្លាក់ជាត្របកផ្កា។ ប្រាសាទមានត្រពាំងនៅជ្រុងទាំងបូន។

ទីតាំងនៅលើផែនទី