ប្រាសាទត្នោតជុំខាងលិច

គុកលិច សង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងជើង និងមានស្លាកស្នាមគូទឹកនៅទិសឦសាន។ ជាទូទៅប្រាសាទដែលបែរមុខទៅទិសខាងជើងមានមិនសូវច្រើនប៉ុន្មានទេ តែគេធ្លាប់ឃើញមាននៅភ្នំដា សំបូរព្រៃគុក។ល។ ប្រាសាទនេះ សាងសង់ឡើងជាប្រាសាទទោលមានបួនថ្នាក់ ប៉ុន្តែតាមថ្នាក់នីមួយៗមិនសូវមានចម្លាក់អ្វីនៅលើជញ្ជាំងដូចគុកជើងទេ ពោលគឺមានតែចម្លាក់លម្អជាទ្វារបញ្ឆោតដែលមានរាងខ្ពស់ទ្រវែងគ្រប់ថ្នាក់ទាំងអស់។ ក្រៅពីនេះ គឺមានតែការលម្អជាសសរផ្អោប និងហោជាងរាងទ្រនង់នាគប៉ុណ្ណោះ។ ខឿនប្រាសាទគេរៀបថ្នាក់ៗជាសារពើសូត្រ ដែលការលម្អរបៀបនេះមានទម្រង់ដូចក្បាច់នៅសម័យមុនអង្គរដែរ។ ថ្វីត្បិតតែគុកលិចសាងអំពីឥដ្ឋក៏ពិតមែនតែគ្រឿងលម្អស្ថាបត្យកម្មសុទ្ធសឹងធ្វើឡើងអំពី ថ្មភក់ ដូចជា មេទ្វារ, ផ្ដែរ, កំពូល, សសរពេជ្រ, ទម្រជាដើម។ ផ្តែរទ្វារទើបនិងជ្រុះធ្លាក់មកក្រោមប្រមាណ ២០ឆ្នាំមុន តែក្បាច់លម្អនៅរក្សាទម្រង់ដើមយ៉ាងល្អប្រណិត។ ផ្នែកខាងលើនៃផ្ដែរលម្អដោយរូបទេពនៅក្នុងចំនួន ២៤អង្គ ចំណែកនៅផ្នែកកណ្ដាលនៃមានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីព្ធរាវ័តមានក្បាលមួយ អមដោយដំរីនិងរូបតោពីរ។ ក្បាច់លម្អនេះមានទម្រង់ជាសិល្បៈរចនាបថប្រែរូប នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទ រាជេន្ទ្រវរ្ម័ន។ រីឯសសរពេជ្រមានរាងប្រាំបីជ្រុង ប៉ុន្តែឆ្លាក់មិនទាន់ហើយទេ។ នៅទីនេះគេធ្លាប់រកឃើញគោលចារឹកចុះបញ្ជីលេខ K.143 ចារឹកជាភាសាខ្មែរបុរាណ មានមុខបួនហើយមានចារឹកអក្សរនៅមុខទាំងបួនដូចគ្នា ប៉ុន្តែគួរឱ្យសោកស្តាយគោលចារឹកនេះបានបាត់បង់ទៅហើយ។ គុកលិចឬប្រាសាទត្នោតជុំខាងលិចទំនងជាកសាងឡើងនៅរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័ន (គ.ស.៩៤៤-៩៦៧) ឬនៅក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស. ១០០២-១០០៦)។

ទីតាំងនៅលើផែនទី