ប្រាសាទពោធិលោម

ក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសង់ក្នុងរជ្ជកាលព្រះចៅពញាយ៉ាត ឆ្នាំ១៤៣៧ មានតែវត្តឧណ្ណាលោមមួយគត់ ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ ដែលយោងតាមការសិក្សាប្រាសាទនេះសាងសង់រវាងសតវត្សទី១១ មានរចនាបថកោះកេរ។ ប្រាសាទធ្វើពីថ្មភក់ បែរមុខទៅកើត ហើយមានយ៉គ្រប់ជ្រុង។ ប្រាសាទត្រូវបានសង់បន្ថែមដំបូល និងយ៉ ប៉ុន្តែបើមើលពីខាងក្នុង យើងអាចនៅមើលឃើញសំណង់ថ្មចាស់។ ប្រាសាទនេះបានប្រែក្លាយជាចេតិយនៅសម័យក្រោយអង្គរ សម្រាប់គោរពបូជាក្នុងព្រះពុទ្ធសាសនា មានឈ្មោះថា ប្រាសាទពោធិលោម ដែលគេជឿថាចេតិយនេះជាទីបញ្ចុះនូវឧណ្ណាលោម (រោមចិញ្ចើម) របស់ព្រះអស្សជិត្ថេរ ទើមគេហៅចេតិយនោះថា ឧណ្ណាលោម ហើយក៏ក្លាយជាឈ្មោះវត្តផងដែរ។ ប្រាសាទនេះជាប្រាសាទទោលដែលសង់អំពីថ្មភក់ និងមានកំពែងព័ទ្ធជុំវិញដោយថ្មបាយក្រៀម។ បើយើងមើលពីក្រៅវាជាចេតិយមួយដែលមើលទៅហាក់ដូចសង់ថ្មីៗ តែបើយើងមើលខាងក្នុង វាជាប្រាសាទចំណាស់មួយដែលមានជញ្ជាំងតម្រៀបគ្នាដោយថ្មភក់ធំៗ ហើយក្រាស់។ អ្វីដែលគួរឲ្យស្តាយនោះគឺយើងមិនអាចមើលឃើញពីចម្លាក់ផ្តែរ និងសិលាចារឹកមួយ ដែលនៅសល់តែបំណែកថ្មបាក់បែករប៉ាត់រប៉ាយប៉ុណ្ណោះ។ ប្រាសាទមានលោកតាម្នាក់នៅរក្សាជាប្រចាំ ហើយមានធ្នឹមឈើបណ្តោយថ្ងៃធំមួយ។ គេមានជំនឿថា នៅច្រកចូលចេតិយនេះ មានបារមីដែលអាចនាំព្រះសង្ឃទៅកាន់ភ្នំនានាបាន ពេលដែលព្រះសង្ឃចង់ធ្វើសម្មាធិ ព្រះតេជគុណទាំងនោះគ្រាន់តែនិមន្តចូលក្នុងចេតិយនេះ និងផុះចេញនៅព្រៃស្ងាត់ ឬ ក៏ភ្នំនានា។

ទីតាំងនៅលើផែនទី