ប្រាសាទកំពង់ព្រះ

ប្រាសាទកំពង់ព្រះសង់នៅលើទីទួលធំមួយមិនលិចទឹក ជាប់នឹងបឹងទន្លេសាប ដែលសព្វថ្ងៃជាទីវត្ត។ ប្រាសាទសាងឡើងក្នុងសតវត្សទី៨ សម័យមុនអង្គរ មានប្រាង្គចំនួនបី តែប្រាង្គខាងលិចរលំអស់ នៅសល់តែគ្រឹះ ដែលគេកំពុងធ្វើកំណាយ។ អ្នកស្រុកច្រើនហៅប្រាសាទមួយដែលល្អស្អាតខាងកើតមានក្បូរក្បាច់ដ៏វិចិត្ររស់រវើក ថាប្រាសាទស្រីនិងប្រាសាទប្រុស គឺប្រាង្គកណ្ដាលតូចទាបជាងហើយកប់ក្នុងដី។ បុរាណវិទូបារាំងជំនាន់មុន ដែលសិក្សាអំពីប្រវត្តិសិល្បៈខ្មែរ បានចាត់ទុកក្បូរក្បាច់សិល្បៈនៃប្រាសាទនេះ ជាគំរូគោល សម្រាប់សម្គាល់វត្ថុសិល្បៈឬប្រាសាទផ្សេងៗទៀត ដែលមានទម្រង់សិល្បៈដូចឬស្រដៀងថា រចនាបថកំពង់ព្រះ។ ប្រាសាទសង់មុនសម័យអង្គរនាចុងសតវត្សទី៧ បែរមុខទៅទិសខាងជើងមានទ្វារបញ្ឆោតបី ប្រកបដោយក្បាច់រចនាយ៉ាងល្អប្រណិត។ ប្រាសាទសង់ពីឥដ្ឋបូកកំបោរបាយអ មានទំហំ ៥ x ៦ ម. ខាងក្នុងទំហំ ២,៥ x ៣,៥ ម. ។ ផ្ដែរប្រាសាទឆ្លាក់ជារាងដងធ្នូ មានសសរពេជ្រមូល ធ្វើពីថ្មភក់។ ប្រាង្គទាំងពីរកាលដើមមានកំពស់ប្រមាណជា ១០ម៉ែត្រ តែសព្វថ្ងៃកប់ក្នុងដីអស់ប្រហែលជិតពីរម៉ែត្រ។ ខឿនប្រាសាទកប់បាត់ក្នុងដី ហើយកំពូលប្រាសាទក៏បាក់បែកទៅហើយដែរ។ វត្ថុបុរាណពីទីនេះ នៅសល់តែចម្លាក់ដំណាងព្រះសិវបាទ ដែលត្រូវបានតម្កល់នៅសារម្ទីរជាតិរហូតដល់សព្វថ្ងៃនេះ។

ទីតាំងនៅលើផែនទី