ក្រុមប្រាសាទសំបូរ, ក្រុមប្រាសាទN1-N14

ក្រុមប្រាសាទសំបូរ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀមចំនួនពីរជាន់ និងខាងក្រៅមានគូទឹកទឹកមួយជាន់ទៀត។ គូទឹកទឹកមានរាងបួនជ្រុងស្មើ ដែលក្នុងមួយជ្រុងមានប្រវែង ៣៨៩ ម៉ែត្រ។ ចំណែកកំពែងថ្មបាយក្រៀមខាងក្រៅមានរាងបួនជ្រុងទ្រវែង ប្រវែង ២៤០x២១០ ម៉ែត្រ និងកម្ពស់១ម៉ែត្រ មានទ្វារចូលគ្រប់ទិសទាំងបួន ហើយនៅខាងមុខមានស្ពានហាលមួយប្រវែងប្រមាណ ២គីឡូម៉ែត្រ ភ្ជាប់ពីច្រកចូលខាងកើតរបស់កំពែងសណ្ដូកទៅទិសខាងកើតត្រង់។ ប្រាសាទភាគច្រើនសង់អំពីឥដ្ឋ ប៉ុន្តែផ្នែកលម្អស្ថាបត្យកម្មរបស់ប្រាសាទធ្វើអំពីថ្មភក់។ ប្រាសាទភាគច្រើនសង់ឡើងនៅស.វ.ទី៧ អាចក្នុងរាជ្យព្រះបាទភវវរ្ម័នទី១, ព្រះបាទមហេន្រ្ទវរ្ម័ន ព្រះបាទឦសានវរ្ម័នទី១, ព្រះបាទភវវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី១ ហើយក៏មានប្រាសាទខ្លះសាងនិងជួសជុលឡើងវិញនៅស.វ.ទី១០ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នថែមទៀតផង។ ប្រាង្គនីមួយៗនៅកំពែងខាងក្នុងនៃក្រុមប្រាសាទសំបូរ គេតម្រៀបខាងក្នុងបង្អស់ដោយ ប្រាង្គចំនួន ៥ មានរាងខ្វែងជើងក្អែក បែរមុខទៅខាងកើត សង់នៅលើខឿនឥដ្ឋកម្ពស់ប្រហែលជិត ១ម៉ែត្រ ហើយមានកាំជណ្ដើរឡើងដូចគ្នាគ្រប់ទិស។ ប្រាង្គទាំង ៥ នេះ មានឈ្មោះថា “សំបូរ" ហើយគេសម្គាល់ប្រាង្គកណ្ដាល N១ និងប្រាង្គចំនួន ៤ ទៀត N២ ដល់ N៥។ ប្រាង្គកណ្ដាល N១ ជាប្រាង្គសំខាន់ឬជាស្នូលនៃក្រុមប្រាសាទសំបូរទាំងមូល ហើយមានប្លង់រាងបួនជ្រុងស្មើ ហើយជាសំណង់ប្រាសាទដំបូងគេនៅស្រុកខ្មែរ ដែលមានច្រកចូលប្អូនគ្រប់ទិសទាំងបួន។ ក្នុងប្រាង្គនេះគេតម្កល់សិវលិង្គមួយធំ មានព្រះនាមថា “ស្រីគម្ពីរេស្វរ" ចំណែកខឿនមានលម្អដោយរូបក្បាលមករ។ក្នុងកំពែងខាងក្នុងនៃក្រុមប្រាសាទសំបូរ នៅព័ទ្ធជុំវិញប្រាង្គ N១ ដល់ N៥ មានប្រាង្គសំខាន់ៗចំនួន ៤ ទៀត។ ប្រាង្គ N៧ មានលក្ខណៈពិសេសដ្បិតប្រាង្គនេះមានរាងប្រាំបីជ្រុងដែលមានតែមួយគត់ក្នុងក្រុមនេះ។ ប្រាង្គនេះបែរមុខទៅទិសខាងកើត ហើយមានជើងទម្រ តម្កល់រូបព្រះហៃគ្រីវ ដែលជាអវតារមួយរបស់ព្រះវិស្ណុ សព្វថ្ងៃនៅ សារមន្ទីរជាតិហ្គីមេ បារាំង។ ចំណែកប្រាង្គ N៨, N៩, N១០ មានរាងបួនជ្រុងទ្រវែង ភ្ជាប់ដោយយ៉ខ្លីមួយ ហើយបែរមុខទៅទិសខុសៗគ្នា។ ប្រាង្គ N៨ បែរមុខទៅទិសខាងកើត ប្រាង្គ N៩ បែរមុខទៅទិសខាងត្បូង ចំណែក ប្រាង្គ N១០ បែរមុខទៅទិសខាងជើង។ ក្នុងប្រាង្គ N៩ គេតម្កល់រូបបដិមាព្រះនាងទុគ៌ា ចំណែកប្រាង្គ N១០ គេតម្កល់អាទិទេពព្រះហរិហរ។ ប្រាង្គទាំងបីនេះ មិនសូវមានចម្លាក់លម្អនៅតាមជញ្ជាំងដូចប្រាសាទដទៃទៀតទេ ហើយអាចជាសំណង់ក្នុងស.វ.ទី៧ រចនាបថព្រៃក្មេង រាជ្យព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧) ឬព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៧១-៦៨១)។នៅមានប្រាង្គសំខាន់ចំនួន ៥ ទៀត ដែលស្ថិតនៅក្នុងបរិវេណកំពែងទីពីរនៃក្រុមប្រាសាទសំបូរពោល គឺប្រាង្គ N១១, N១២, N១៣, N១៤-១ និង N១៤-២។ ប្រាង្គទាំងអស់សុទ្ធតែមានរាងបួនជ្រុងស្មើ និងបែរមុខទៅទិសខាងកើតដូចៗគ្នា។ ក្នុងចំណោមនោះ ប្រាង្គ N១១ គឺជាប្រាង្គដែលនៅឈរខ្ពស់ជាងគេ ហើយនៅល្អជាងគេ។ ប្រាង្គនេះ មានលម្អដោយក្បាច់ប្រាសាទអណ្ដែតនៅតាមជញ្ជាំងយ៉ាងរស់រវើកហើយនៅខាងក្នុងគេឃើញនៅសល់ មឈូសថ្មដូចតំបន់អង្គរដែរ។ ប្រាង្គ N១២, N១៣, N១៤-១ បានបែកបាក់ផ្នែកខាងលើអស់ ហើយ N១៤-២ក្លាយជាគំនរថ្ម។ N១៤-១ មានសិលាចារឹកមួយផ្ទាំងចុះបញ្ជីលេខ_K.437 ។

ទីតាំងនៅលើផែនទី