ប្រាសាទត្នោតជុំខាងជើង, ប្រាសាទកំបុត

អ្នកខ្លះហៅប្រាសាទនេះ ថា “ប្រាសាទកំបុត” ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ ប្រាសាទសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយមានគូទឹកទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះសង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាងច្បាស់លាស់ រីឯថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានយ៉លយតូចមួយចេញមកក្រៅមានប្រវែង ១.២៥ម៉ែត្រ សង់លើទួលខ្ពស់ផុតពីទំនាប។ ផ្នែកខាងក្នុងប្រាសាទ ជាបន្ទប់សក្ការបូជាមានរាងបួនជ្រុងស្មើ ដែលនៅតាមជ្រុងជញ្ជាំង គេឃើញនៅសល់ថ្មភក់ជាពិតានប្រាសាទ។ ការរៀបចំបន្ទប់បែបនេះជាលក្ខណៈទូទៅនៃសំណង់ប្រាសាទឥដ្ឋក្នុងស.វ.ទី៧-៨ ហើយបន្តទៅសម័យអង្គរ។ ទីនេះគេធ្លាប់រកឃើញបដិមាព្រះពុទ្ធចូលបរិព្វានមួយអង្គ ដែលអាចសាងឡើងនៅរវាងសម័យកណ្ដាលស.វ.ទី១៤-១៧។ ប្រាសាទមានទ្វារចូលតែមួយទិសពីខាងកើត ដែលមាននៅផ្ដែរមួយធ្លាក់ជ្រុះមកក្រោម ដែលអាចកើតដោយសារកត្តាខូចខាតឬដោយសារមនុស្សនៅសម័យក្រោយរុញឱ្យធ្លាក់ព្រោះថា គុកជើងជាប្រាសាទ ដែលសាងសង់ឡើងតាំងពីស.វ.ទី៧មកម្ល៉េះ ប៉ុន្តែនៅសម័យកណ្ដាលចាប់ពីស.វ.ទី១៤មក គេបានកែប្រែគុកជើងជាសំណង់ព្រះពុទ្ធសាសនាថេរវាទ ដោយគេបានឆ្លាក់បន្ថែមព្រះពុទ្ធរូបធំៗនៅតាមជញ្ជាំង។ ចំណែកត្រង់ហោជាងខាងកើតមានស្នាមតម្រៀបឥដ្ឋបិទភ្ជាប់លយមកមុខ ដែលអាចជាស្នាដៃមនុស្សនៅសម័យកណ្ដាលរៀបច្រើនជាង។ ផ្តែរទ្វារនេះមានក្បាច់លម្អជា ទម្រង់សិល្បៈរចនាបថសំបូរព្រៃគុក នាស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស. ៦១៦-៦៣៧)។

ទីតាំងនៅលើផែនទី