វត្តនេះមានឈ្មោះល្បីល្បាញខាងសំណង់ព្រះវិហារបុរាណដ៏ល្អ ហើយមានប្រវត្តិជូរចត់នាសម័យប៉ុលពត ថាជាមន្ទីរសន្តិសុខ ជាកន្លែងឃុំឃាំងនិងសម្លាប់អ្នកទោសជាច្រើន។ សាក្សីម្នាក់នៅវត្តកែវមុនីជោតិ រកាកោង បាននិយាយថា នៅពេលដែលច្រាំងទនេ្លបាក់ស្រុតចុះទៅក្នុងទឹក ឆ្អឹងជនរងគ្រោះមិនទាន់បានគាស់មួយចំនួនកប់នៅទីតាំងសម្លាប់ប៉ែកខាងត្បូងកោះ ក៏បានធ្លាក់ចូលក្នុងទនេ្លដែរ។ ចំណែកឆ្អឹងដែលនៅសេសសល់ពីការធ្លាក់ចូលក្នុងទនេ្ល ត្រូវប្រជាជនគាស់ចេញពីរណ្ដៅ ហើយត្រូវជញ្ជូនយកទៅតម្កល់ទុកនៅមន្ទីរបូជនីយដ្ឋានមួយក្នុងវត្តនេះ។ គេបានសន្និដ្ឋានថា ខ្មែរក្រហមបានសម្លាប់ជនរងគ្រោះអស់រាប់ពាន់នាក់នៅលើទីតាំងសម្លាប់កោះមរណៈ ដែលនៅក្នុងទន្លេទល់មុខវត្តនេះ។ អដ្ឋិធាតុដែលកំពុងតែដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ គឺបានគាស់ឡើងនៅឆ្នាំ១៩៨២ក្នុងចេតិយមួយនៅខ្លោងទ្វារខាងជើង។ ក្រៅពីនេះ ក៏មានជំនឿថា ចេតិយមួយទៀតនៅខាងជើងព្រះវិហារជាចេតិយរបស់ ក្រឡាហោមគង់ ដែលគេជឿថាមិនស្លាប់ដោយសារបារាំងចាប់ផ្អោបបំពង់ផ្សែងកប៉ាល់នោះទេ ហើយបានភៀសខ្លួនមកនៅទីនេះដល់អាយុខ័យ។ ជំនឿមួយទៀតគឺទាក់ទងនឹងរឿងបក្សីចាំក្រុង ដែលដើមរកានៅទីនេះបានកោងទៅជាប់ដើមល្វាពីត្រើយទន្លេម្ខាងទៀត ហៅថា «រកាកោង ល្វាទេ»។