ប្រាសាទបន្ទាយសៀម ឬបន្ទាយសៀមកាត់សក់ កសាងឡើងអំពីថ្មបាយក្រៀម ក្នុងរជ្ជកាលស្តេច៣ព្រះអង្គ នៅសម្ភុបុរ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជេស្ថារ្យ, ព្រះនាងជយេន្រ្ទភា)។ ប្រាសាទនេះខូចខាតជាទម្ងន់ដោយតួប្រាសាទទាំងមូលបានខូចខាតដោយសារការជីកកកាយរបស់មនុស្ស។ ទោះបីជាតួប្រាសាទត្រូវបានខូចខាតទាំងស្រុង តែប្រាសាទនេះ នៅសេសសល់កំពែងថ្មធ្វើពីថ្មបាយក្រៀមព័ទ្ធជុំវិញផងដែរ។ គេសង្កេតឃើញមានសេសសល់នូវសំណល់ផ្តែរ១ ដែលមានរចនាបថកំពង់ព្រះ ដែលមានបណ្ដោយ២១៤សង់ទីម៉ែត្រ ទទឹង ៨.៥សង់ទីម៉ែត្រ និងកម្ពស់ ១៩សង់ទីម៉ែត្រ។ ស៊ុមទ្វារចំនួនបួន ដែលស៊ុមមួយមានសិលាចារឹកចំនួន១បន្ទាត់កន្លះ គល់សរសរពេជ្រចំនួន៣ដុំ មានជើងទម្រពីរ និងឥដ្ឋទំហំធំៗមួយចំនួន។ ប្រាសាទស្ថិតនៅក្នុងព្រៃឡង់ មិនងាយនឹងធ្វើដំណើរទៅដល់ឡើយ។ បើខែវស្សាគឺត្រូវដើរ ចំណែកខែប្រាំង អាចជិះម៉ូតូបាន ដោយត្រូវចុះបណ្ដើរខ្លះៗផង។