បារាយណ៍ខាងលិច គឺជាបឹងដែលបង្កើតឡើងដោយមនុស្សធំជាងគេនៅតំបន់អង្គរ។ អ្នកទេសចរអាចជួលទូកជិះទៅកោះនៅកណ្ដាលបារាយណ៍ ដែលមានប្រាសាទមេបុណ្យខាងលិចនៅទីនោះ។ ដោយសារតែប្រាសាទនៅកណ្ដាលបារាយណ៍នោះស្ថិតនៅក្នុងរចនាបទបាភួន បារាយណ៍នោះប្រហែលជាសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី១១។ ប្រវត្តិវិទូមួយចំនួនគិតថា បារាយណ៍នេះជាកន្លែងចតទូករបស់ព្រះមហាក្សត្រ និង ជាអាងស្តុកទឹកនិងចិញ្ចឹមត្រីផងដែរ។