ភ្នំព្រះគឺជារមណីយដ្ឋានបុរាណវិទ្យាដែលអ្នកស្រុកគោរពបូជា ដោយម្នាក់ៗមានជំនឿថា គឺជាភ្នំដែលមានបារមីពូកែស័ក្តសិទ្ធិ។ ភ្នំព្រះមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវព្រះបាទត្រសក់ផ្អែមផងដែរ ដោយគេ សន្មតថា ចម្ការត្រសក់ផ្អែមនៅទីនេះ មុនពេលដែលបានឡើងសោយរាជ្យ។ គួរកត់សម្គាល់ថា ប្រវត្តិនេះក៏មានទាក់ទងដល់ទឹកជ្រោះជ្រាវដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានដែរ។ ភ្នំព្រះបច្ចុប្បន្ននៅមិនទាន់បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិនៅឡើយទេ។ បច្ចុប្បន្នភ្នំព្រះគឺជាតំបន់ទេសចរណ៍ ធម្មជាតិ ដែលអ្នកក្នុងស្រុក និងក្រៅស្រុក តែងតែទៅធ្វើបុណ្យមិនដែលខាន ដោយសារតែពួកគាត់មានជំនឿថា ភ្នំនេះមានបារមីពូកែស័ក្តិសិទ្ធិ។ ម្យ៉ាងដោយសារភ្នំព្រះមានរូងជាច្រើនដែលរូនីមួយៗមានព្រះចាប់ពី៣អង្គទៅ៥អង្គ តែភាគច្រើនគេចូលចិត្តធ្វើបុណ្យនៅរូងព្រះ៥អង្គ។ ភ្នំព្រះពីដើមមានឈ្មោះថា «ភ្នំបះជើង» តែដោយសារប្រជាពលរដ្ឋបានឃើញទីនោះសំបូរព្រះ និងនៅសម័យខ្មែរច្បាំងជាមួយសៀម ម្នាក់ៗក៏ចេះតែនាំគ្នាយកព្រះទៅលាក់ទុកក្នុងរូងភ្នំបះជើងនោះ លុះចំណេរក្រោយមកក៏ហៅភ្នំលាក់ព្រះ តែក្រោយៗមកទៀតហៅត្រឹម «ភ្នំព្រះៗ» រហូតបច្ចុប្បន្ន។ នៅជើងភ្នំព្រះបច្ចុប្បន្នមានវត្តមួយឈ្មោះ «វត្តភ្នំព្រះ» មានពុទ្ធបរិស័ទច្រើនទៅធ្វើបុណ្យនៅទីនោះ ហើយនៅទិសខាងកើតមានព្រះពុទ្ធបដិមាមួយអង្គសាងឡើងនៅជិតជើងភ្នំ បែរព្រះភ័ក្ត្រទៅទិសខាងកើត។ ភ្នំព្រះមានខ្យល់អាកាសបរិសុទ្ធគួរឱ្យចង់ទៅសម្រាកលំហែ ដោយមានដើមឈើ ធំៗម្លប់ត្រឈឹងត្រឈៃ ជាពិសេសបើមានអ្នកទេសចរទៅកម្សាន្តនៅទីនោះ គេតែងឃើញហ្វូងសត្វស្វាចុះទទួលស្វាគមន៍រង់ចាំបោះចំណីឱ្យវាស៊ី។