ទឹកធ្លាក់ឆាយសន្ទរ មានសក្ដានុពលទេសចរណ៍ធំធេងក្នុងស្រុកភ្នំក្រវាញ ដោយមានទឹកហូរពីលើភ្នំ កាត់ទៅរកស្ទឹងពោធិ៍សាត់។ ទិដ្ឋភាពដ៏គួរឱ្យទាក់ទាញមួយខុសពីទឹកធ្លាក់ដទៃនៅតំបន់នេះ ដោយជ្រលងទឹកមានជម្រៅរាក់ៗ ហូរកាត់តាមគល់រុក្ខជាតិមិនមានល្បាក់ខ្ពស់ទេ។ តំបន់រមណីយដ្ឋាននេះ ទើបតែរកឃើញហើយអាចទៅកម្សាន្តបាន ដោយដំណើរទៅកាន់ទីនោះ ទេសចរនឹងឆ្លងកាត់ភូមិក្សេត្របុរី ដែលជាអតីតតំបន់អភិវឌ្ឍន៍របស់សម្ដេចព្រះសីហនុ។ ពីដើមតំបន់នេះមានព្រៃជុំជិត មានផ្លូវចេញតែមួយគត់ ទើបសម្ដេចព្រះសីហនុយកអ្នកទោសមករស់នៅ ហើយបានទាំងកសាងព្រះរាជដំណាក់មួយក្នុងភូមិក្សេត្របុរីនោះទៀតផង (សព្វថ្ងៃនៅសល់ក្លោងទ្វារ)។ ទីតាំងនេះក៏ស្ថិតនៅក្នុងតំបន់យកថ្មកែវដែលជាថ្មដ៏កម្រមានតែនៅទឹកដីខេត្តនេះផងដែរ។