ចេតិយបាដេស

មជ្ឈដ្ឋានអ្នកសិក្សាទាំងឡាយប្រាកដជា នៅចាំបាននូវដំណើរនៃរឿងអក្សរសិល្បប្រវត្តិសាស្ត្រ តាមរយៈរឿង«ភូមិតិរច្ឆាន» ដែលនិពន្ធដោយ អ្នកនិពន្ធ ឌឹក គាម និង ឌឿក អំ ដើម្បីរំឭកព្រឹតិ្តការណ៍ដែលបានកើតមានឡើងនៅខេត្តកំពង់ឆ្នាំងក្នុង ខែមេសា ឆ្នាំ១៩២៥។ នាពេលនោះ ក្រុមអ្នកភូមិក្រីក្របានខឹងសម្បានឹងជនជាតិបារាំងម្នាក់ឈ្មោះ បាដេស ដែលជាតំណាងអាណានិគមបារាំងប្រចាំខេត្តនោះ បានគាបសង្កត់ទារពន្ធដារ ខណៈពេលដែលប្រជាជនរកអង្ករច្រកឆ្នាំងពុំបាន។ ការធ្វើឃាតលើ បាដេស បានធ្វើឱ្យអាណានិគមបារាំងក្ដៅក្រហាយជាខ្លាំង ហើយបានទាមទារដូរឈ្មោះភូមិនោះជាឈ្មោះ ភូមិតិរច្ឆាន ហើយរៃអង្គាសថវិកាពីអ្នកភូមិមកសង់ចេតិយនេះទៀតផង។ បច្ចុប្បន្នទីតាំងនោះ ត្រូវបានគេកសាងបន្ថែមរូបសំណាកស្រី្តក្លាហាន «យាយប៊ី» ដែលហ៊ានចេញមុខតវ៉ាដំបូងទល់នឹងទង្វើរបស់ បាដេស ដែលបំពានអ្នកភូមិ។ សំណង់ចេតិយសព រ៉េស៊ីដង់ បាដេស ដែលនៅជាប់របង វត្តបល្ល័ង្ករង្សីបានខូចខាត ដោយសារកត្តាអាកាសធាតុ និងរុក្ខជាតិផ្សេងៗ នៅទីកន្លែងដែលខ្វះការថែទាំ អស់រយៈពេលជាច្រើនឆ្នាំ ថ្វីបើមានការកសាងរូបសំណាកយាយប៊ី និងកសាងសួនច្បារ នៅក្បែរសំណង់ចេតិយ រ៉េស៊ីដង់ បាដេសខ្លះរួចមកហើយក្ដី។

ទីតាំងនៅលើផែនទី