ប្រាសាទគុកយាយហម

ប្រាសាទគុកយាយហម ត្រូវបានបាក់បែកអស់ច្រើន ដូចជាដំបូលបានបាក់ធ្លាក់ចូលក្នុងតួប្រាសាទ ខឿនរង្គុះរង្គើ។ ប្រាសាទនេះត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី ៧ ក្នុងសតវត្សរ៍ទី១៣ មានរាងជាកាកបាទ ហើយមានទ្វារទៅកាន់ទិសទាំងបួន។ ប្រាសាទមានទំហំ១១ x ១១ ម. មានយ៉តាមទ្វារនីមួយៗ សង់នៅលើខឿនថ្មបាយក្រឿមកម្ពស់ ២ម. ដែលជាខឿនរាងការ៉េ ទំហំជ្រុង ១៦ម.។ ប្រាសាទនេះសង់ពីថ្មភក់ ក្នុងរចនាបថបាយ័ន ដើម្បីឧទ្ទិសដល់ពុទ្ធសាសនាមហាយាន តែយើងសង្កេតឃើញសំណល់ប្រាសាទបុរាណពីឥដ្ឋសតវត្សទី៧ ឬ ៨ នៅលើទួលជាប់នឹងតួប្រាសាទនេះដែរ ដែលប្រាង្គ ២ ទៀតធ្វើពីឥដ្ឋនោះបានរលំបាក់បែកតាំងពីដើម ស.វ. ទី ២០។ កំពែងមានពីរជាន់ ទី១ធ្វើពីថ្មបាយក្រៀមមានកសិន្ធុព័ទ្ធពីខាងក្រៅ។ កំពែងទី ២ ធ្វើពីដីហើយមានកសិន្ធុព័ទ្ធពីខាងក្រៅដែរ។ ស្រះទឹកបុរាណ ២ អមសងខាងផ្លូវចូល និងស្រះទឹកបុរាណមួយទៀត ស្ថិតនៅខាងត្បូង ចំណែកទន្លេអុំស្ថិតនៅខាងកើតឆៀងខាងជើងបន្តិច។ ទីនេះមាន រូបចម្លាក់ជាច្រើនធ្វើពីថ្មភក់, សសរស្ដម្ភ ៨ ជ្រុង, ផ្ដែរជាផ្ទាំង, បល្ល័ង្កជាច្រើន, និងសិលាចារឹក K. 86 ត្រូវបានគេយកទៅទុកនៅ វត្តសង្កែ ដែលស្ថិតនៅក្បែរនោះ។ នៅឆ្នាំ ២០០៤ ទីនេះ គេរកឃើញសិលាចារឹកមួយចំនួនទៀត ដែលភាគច្រើនចារជារូបសញ្ញា។ មានមតិមួយចំនួនសង្ស័យថាទីតាំងនេះជាភូមិកំណើតនៃព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី អគ្គមហេសីនៃ ព្រះបាទជ័យវរ្ម័ន ទី ៧។

ទីតាំងនៅលើផែនទី