ប្រាសាទភ្នំស្ដេចស៊ីដោះ

ស្ថិតលើភ្នំកម្ពស់ប្រមាណ ៩០ម. ប្រាសាទបែកបាក់មួយនេះកប់ក្នុងដីដែលបង្កឡើងពីការបាក់រលំនៃប្រាសាទជុំវិញជម្រៅប្រមាណជាង ២ម.។ ប្រាសាទដែលសល់តែជញ្ជាំងនេះ មានទំហំ ៨ x ១១ ម. កម្ពស់ប្រមាណ ១៥ ម. (ប៉ាន់ស្មានទាំងចំណែកដែលកប់ក្នុងដី)។ ទីនេះមានក្រុមប្រាសាទ យ៉ាងហោចណាស់២ នៅលើកំពូលភ្នំនេះ ព្រោះគេអាចឃើញសំណល់ គ្រឹះប្រាសាទមួយទៀតនៅជាប់នោះ និងកំណាត់មេទ្វារប្រាសាទដែលត្រូវសង់សំណងថ្មីគ្របពីលើ។ គេអាចឱ្យសម្គាល់បានថា វាអាចជាគ្រឹះនៃប្រភេទប្រាសាទប្រាំបីជ្រុង នៃរចនាបថសំបូរព្រៃគុក។ ពីលើកំពូលភ្នំនេះ គេអាចមើលឃើញទិដ្ឋភាពជុំវិញភ្នំ វាលបឹងដាច់កន្ទុយភ្នែក ភូមិស្រុកតាមជើងភ្នំ និងសាលាស្រុកជលគិរីនៅបង្កើយ។ ប្រាសាទមានរឿងនិទាន ដែលតំណាលថា មានស្ដេចមួយអង្គចាត់ឱ្យសេនាទៅបរបាញ់រកព្រះស្ងោយ ប៉ុន្តែរកមិនបានក៏ចាប់ស្ត្រីកាប់យកសុដនមកធ្វើជាព្រះស្ងោយថ្វាយ។ ចាប់ពីពេលនោះមកស្ដេចបានជក់ចិត្តនឹងសាច់នោះ ហើយក៏សោយតែសាច់សុដនស្ត្រី ធ្វើឱ្យរាស្ត្រមន្ត្រីក្ដៅក្រហាយ ចាប់ស្ដេចនោះដាក់សន្ធប់ក្នុងប្រាសាទនោះទៅ។ តាមការពិតប្រាសាទមានរូងជ្រៅ ដោយសារតែការកប់ក្នុងដីដូចរៀបរាប់ខាងលើ។ នៅជិតនោះមានសង់តូបអ្នកតាដែលយកឥដ្ឋជាសំណល់ចាស់មកសង់។

ទីតាំងនៅលើផែនទី