ក្រុងសែនមនោរម្យ

មុនឆ្នាំ១៩៦២ ទឹកដីខេត្តមណ្ឌលគិរីទាំងមូលជាស្រុកមួយរបស់ខេត្តក្រចេះ ដែលមានឈ្មោះថាស្រុកឆ្លូងលើ។ ដោយសារតែទឹកដីខេត្តក្រចេះ មានវិសាលភាពធំធេងពេកពិបាកក្នុងការគ្រប់គ្រងទើបនៅឆ្នាំ១៩៦៣ អតីតព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រិត្យកាត់យកតំបន់មួយចំនួន នៃខេត្តក្រចេះរួមទាំងស្រុកឆ្លូងលើ បង្កើតជាខេត្តថ្មីមួយដោយដាក់ឈ្មោះថាខេត្តមណ្ឌលគិរីមកដល់សព្វថ្ងៃនេះ។ ខេត្តស្ថិតនៅភាគឦសានមួយនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិច លំដាប់លេខ៣ គឺច្រើនជាងខេត្តកែបនិងប៉ៃលិនប៉ុណ្ណោះ។ ឈ្មោះខេត្តនេះស្របតាមលក្ខណសម្បត្តិរបស់វា ដោយមានភ្នំជាច្រើនប្រកបដោយព្រៃព្រឹក្សា។ ខេត្តនេះជាតំបន់ទេសចរណ៏ធម្មជាតិដ៏ធំមួយ មានទឹកជ្រោះ ព្រៃជម្រកសត្វ និងឧទ្យានជាតិជាច្រើន ជាអាទិ៍ទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ។ ក្រៅពីឋានៈជាខេត្តធំជាងគេ ខេត្តនេះក៏មានឃុំដែលធំជាងគេដែរ គឺឃុំពូជ្រៃ ដែលមានទំហំធំជាងរាជធានីភ្នំពេញ ខេត្តប៉ៃលិន និងខេត្តកែបទៅទៀត។ កសិកម្មបែបបុរាណទទួលផលបានតិចណាស់ ហើយច្រើនធ្វើដោយជនជាតិភាគតិច ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ មានអ្នកចំណាកស្រុកពីតំបន់ទំនាប កណ្ដាល ជាច្រើនបានទៅ បោះទុនធ្វើចម្ការដំណាំ ហូបផ្លែនិងដំណាំឧស្សាហកម្មនៅតំបន់នោះ ធ្វើឱ្យមានការអភិវឌ្ឍច្រើនគួរសម ជាពិសេសដំណាំកៅស៊ូ ម្រេច កាហ្វេ ស្វាយចន្ទី និងផលានុផលជាច្រើនមុខទៀត។ ទឹកដីតំបន់ខ្ពង់រាបនេះអំណោយផលដល់ដំណាំដែលត្រូវការអាកាសធាតុត្រជាក់ ដូចជា អាវ៉ូកាដូ (ប៊័រ) ការ៉ុត ដំឡូងបារាំង ស្ត្របឺរីជាដើម។ ទោះជាយ៉ាងណាតំបន់ព្រៃភ្នំ ប្រកបដោយធម្មជាតិមិនទាន់រុករាននេះ មានរមណីយដ្ឋានធម្មជាតិ ជាច្រើន ដែលខ្លះក៏បានអភិវឌ្ឍផ្លូវចូលរួច តែភាគច្រើនគឺមិនទាន់មានផ្លូវចូលដល់ទេ។ ចាប់តាំងពីខេត្ត មណ្ឌលគិរីមានការរីកចម្រើនមក បានធ្វើឱ្យប្រជាជនមានមុខរបរ ហើយផ្លូវគមនាគមន៍ក៏ងាយស្រួលធ្វើដំណើរជាងមុន។ ក្នុងខេត្តនេះកំពុងរីកដុះដាលវិស័យទេសចរធម្មជាតិបែបឯកជន ដោយមានការបង្កើតរីស៊តជាច្រើន។ ខេត្តមណ្ឌលគីរីមានក្រុង១ គឺក្រុងសែនមនោរម្យជាទីរួមខេត្ត និងស្រុកចំនួន៤ មានស្រុកកែវសីមា, កោះញែក, ពេជ្រាដា និងអូររាំង។ និមិត្តសញ្ញាប្រចាំខេត្តមានរូប គោព្រៃដែលជាអម្បូរសត្វកម្រជិតដាច់ពូជដែលមាននៅតែតំបន់នេះ អមដោយផ្ទៃក្រោយមានវាលស្មៅ ទឹកនិងព្រៃភ្នំ។ ប្រជាជនក្នុងខេត្តមានតិចជាង១៥០ពាន់នាក់ ដង់ស៊ីតេ៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

ទីតាំងនៅលើផែនទី