តំបន់ទេសចរណ៍ពីរមានទីតាំងមិនឆ្ងាយប៉ុន្មានពីគ្នាឡើយ សម្រាប់ការជិះទូកតូច ឬធំចំណាយពេលតែប្រមាណ ១៥ ឬ ២០ នាទី ប៉ុណ្ណោះរវាងកោះខេលើ និងកោះខេក្រោម។ កោះខេដែលមានបណ្ដុំទេសភាពអស្ចារ្យ និងធំទូលាយ ហើយភ្ញៀវអាច បោះតង់បានទៀតផង។ នៅតំបន់នោះមានប្រជុំដោយកោះតូចៗជាច្រើន ដែលគេអាចកម្សាន្តតាមឆ្នេរខ្សាច់តូចៗ គយគន់ទេសភាពធម្មជាតិ និងហ្វូងបក្សីជាច្រើនប្រភេទ និងសម្រាកពិសាម្ហូបអាហារលើផ្ទះទឹក។ ទីនេះក៏ជាដើមឈើធំៗដុះស្រោងចំកណ្ដាលទន្លេមេគង្គ និងជាដែននៃជម្រកក្រុមសត្វស្លាបដ៏កម្រជិតផុតពូជមួយចំនួនទៀតផង។ កោះខេលើអាចទទួលភ្ញៀវបានតាំងពីអំឡុងខែតុលា ឯកោះខេក្រោម ទាល់តែដល់ខែ មករាទើបអាចឱ្យភ្ញៀវទៅលេងបានព្រោះទឹកនៅជ្រៅនៅឡើយ។ សហគមន៍អេកូទេសចរណ៍ កោះហានកោះខេក៏មានរៀបចំសេវាដឹកជញ្ជូនភ្ញៀវតាមទូក ទៅកម្សាន្តនៅលើរមណីដ្ឋានកោះនោះ ដែលមានតូបឫស្សីសង់នៅលើទឹក មានទិដ្ឋភាពដូចទឹកជួរកាំពីដ៏ល្បីល្បាញនោះដែរ។