ក្រុងស្ទឹងសែន

ក្រុមប្រាសាទសំបូរព្រៃគុកដ៏ល្បីល្បាញក្នុងខេត្តនិងរូបដំរីជាន់ខ្លាជាតំណាងឱ្យខេត្តមួយនេះ ដែលស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា។ ខេត្តនេះក៏ជាទីដែលមានបណ្ដាញផ្លូវជាតិបែកទៅខេត្តព្រះវិហារនិងខេត្តសៀមរាបដ៏មានចំណាស់។ ក្រៅពីតំបន់ព្រៃឈើធម្មជាតិព្រៃឡង់ តំបន់បេតិកភណ្ឌវប្បធម៌សំបូរព្រៃគុក ខេត្តនៅមាន សក្ដានុពលនេសាទដ៏ធំធេង ព្រោះជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំមួយជុំវិញបឹងទន្លេសាប ហើយសម្បូរត្រីនៅតំបន់ផាត់សណ្ដាយនិងបឹងឆ្មារ។ ប្រវត្តិនៃឈ្មោះខេត្តនេះ គេតែងតំណាលពីកំពង់ស្ទឹងសែន មានរូងថ្មមួយយ៉ាងធំ ដែលក្នុងនោះមានសត្វពស់មួយគូ រស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយ ទើបហៅតំបន់នោះថា កំពង់ពស់ធំ ដែលក្រោយមកបានក្លាយជា កំពង់ធំ។ ខេត្តនេះបែងចែកជា ៨ស្រុក រួមមានស្រុកកំពង់ស្វាយ, តាំងគោក, បារាយណ៍, ប្រាសាទបល្ល័ង្គ, ប្រាសាទសំបូរ, សណ្ដាន់, សន្ទុក, ស្ទោង និងក្រុងចំនួនមួយ គឺក្រុង ស្ទឹងសែន។ ប្រជាជនមានប្រមាណ ជិត៦៨០ពាន់នាក់ និងដង់ស៊ីតេ ៤៩នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ តំបន់ទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្ត្រមួយចំនួននៅមិនទាន់បានអភិវឌ្ឍន៍ឡើយ។ ប្រាសាទយាយព័ន្ធនិងរូបសំណាកដំរីជាន់ខ្លាព្រមទាំងតោសក់រួញបានក្លាយជានិមិត្តសញ្ញាផ្លូវការនៃខេត្តកំពង់ធំ មានផ្ទៃក្រោយជាព្រៃឈើទ្រដោយកួរស្រូវ។ ក្រុមការងារសូមឆ្លៀតឱកាសថ្លែងអំណរគុណដល់លោក ម៉ង់ វ៉ាលី ដែលបានអនុញ្ញាតឱ្យដកស្រង់សេចក្ដីពណ៌នាពីប្រាសាទបុរាណនានាក្នុងខេត្ត ពីស្នាដៃរបស់លោក «កំពង់ធំ ប្រវត្តិសាស្ត្រនិងប្រាសាទបុរាណ»។

ទីតាំងនៅលើផែនទី