បណ្ដុំថ្មនិងដីច្រោះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលុះធំ។ រមណីយដ្ឋាននេះមានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្ដោយប្រហែល ១០ គីឡូម៉ែត្រនៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរ៉ែក។ ផ្ទាំងដីដែលមានផ្នែកខាងលើជាដីឥដ្ឋទឹកពិបាកជ្រាបចូល បង្កើតជាមួកគ្របចំណែកដីល្បាប់លាយខ្សាច់នៅផ្នែកខាងក្រោម លាយឡំនិងរុក្ខជាតិតូចៗ បង្កើតបានជាទស្សនីយភាពនៃតំបន់ទេសចរណ៍នេះ។ ទស្សនីយភាពដ៏ស្រស់ស្អាតកម្រមាននេះ បានធ្វើឱ្យទេសចរមានអារម្មណ៍ដូចបានទៅដល់តំបន់អឺរ៉ុបឬអាមេរិក។ បណ្ដុំផ្ទាំងដីច្រោះច្រូងច្រាងទាំងនោះគឺជាសំណល់ដីឥដ្ឋ សល់ពីការហូរច្រោះរបស់ទឹក ក្រោយពីការកាយយកដីសាងសង់ជាផ្លូវ។ ចំណែកផ្ទាំងថ្មវិញ គឺជាប្រភេទថ្មមានអាយុកាលចាស់ជាងគេនៅជួរភ្នំដងរ៉ែក ខណៈព្រៃរបោះក្រាស់ៗច្រើនសម្រាប់ជាជម្រកសត្វទាំងឡាយ។ ឯបឹងមានច្រើននៅព័ទ្ធជុំវិញសហគមន៍នេះ។