ទួលគុកជាទួលប្រាសាទសង់ឡើងអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត ហើយតួប្រាសាទបានបាក់បែកអស់នៅសល់ត្រឹមពាក់កណ្ដាលប៉ុណ្ណោះ។ ពីដើមប្រាសាទនេះ មានផ្លូវចូលពីទិសខាងកើត មានគូទឹកព័ទ្ធជុំវិញ ហើយនៅផ្នែកខាងកើត មានស្រះធំមួយដែលមានបណ្ដោយប្រវែង ៧០ ម៉ែត្រ និងទទឹង ៤០ម៉ែត្រ។ ប្រាង្គមានខ្លោងទ្វារធ្វើអំពីថ្មភក់ដែលគេកាត់ជារាងបញ្ឆិតចូលគ្នាធ្វើជាស៊ុមទ្វារ។ នៅខាងលើមាននៅសល់ផ្ដែរមួយលម្អដោយក្បាច់ដងធ្នូមានរាងដូចមែកឈើផ្តេកដែលនៅខាងចុងមានឆ្លាក់ជាក្បាច់ផ្សេងៗលាយជាមួយរូបអាទិទេព ហើយនៅចំកណ្ដាលមានឆ្លាក់រូបព្រះឥន្ទ្រគង់នៅលើដំរីក្បាលឰរាវ័ត។ ទីនេះមានសេសសល់សសរពេជ្រធ្វើអំពីថ្មភក់មានរាងប្រាំបីជ្រុង ដែលនៅជ្រុងនីមួយៗលម្អដោយក្បាច់ស្លឹកឈើ។ តាមការសិក្សាប្រៀបធៀប ទីនេះមានប្រាសាទស្ថិតនៅក្នុងរចនាបថប្រែរូប នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះ បាទរាជេន្ទ្រវរ្ម័ន ដែលឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។