ប្រាសាទនេះត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបាខែងក្នុងរជ្ជកាល ព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខឿនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្ដាល ឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។ មានអគារវែងបីទៀតដែលប្រហែលជាកន្លែងសម្រាក គឺពីរនៅខាងត្បូង និង មួយនៅខាងជើង។ អគារទាំងនោះនៅសល់តែគ្រឹះប៉ុណ្នោះ។ ប្រាសាទភ្នំក្រោមស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ។