ប្រាសាទព្រះធាតុធំ

ក្នុងវត្តព្រៃនគរក្នុងដែលជាស្ថិតក្នុងទីតាំងដើមរបស់ស្រឡប់ពិជ័យ ជាវាំងរបស់ព្រះបាទស្រីជេដ្ឋា (ស្ដេចកន) មានប្រាសាទពីរ ដែលគេហៅថាប្រាសាទព្រះធាតុធំ និងតូច។ ប្រាសាទសាងសង់ក្នុងសតវត្សទី៩ សម័យ ដំណាលប្រាសាទតោនៅសំបូរព្រៃគុក។ ប្រាសាទព្រៃនគរក្នុងលាតសន្ធឹងលើផ្ទៃដីប្រមាណ ២,៥០០ម២ និងត្រូវបានធ្វើឡើងពីទំនប់ ឬ កំផែងព័ទ្ធជុំវិញ កោះអណ្តែតឬកោះប្រាក់ ត្រពាំងព្រៃធាតុ ប្រាសាទព្រះធាតុ និងប្រាសាទធំ។ ទំនប់ ឬកំផែងព័ទ្ធជុំវិញ ត្រូវ បានដាក់នៅជុំវិញទីក្រុងព្រៃនគរក្នុង។ វាមានព្រំប្រទល់ ធ្វើពីឫស្សី ដែលការពារមិនឲ្យងាយស្រួលចូលទៅដល់។ ស្រះទឹមឬកោះអណ្តែត មានទីតាំងនៅប៉ែកខាងជើងនៃភូមិនោះ និងមានបណ្តោយប្រហែល ៣០ម៉ែត្រ និងទទឹង២០ម៉ែត្រ។ ប្រាសាទធំដែលមានទីតាំងនៅលើទួលខឿនខ្ពស់នោះ មានប្រាសាទ៣ ធ្វើពីឥដ្ឋតាន់។ ប្រាសាទ ព្រះធាតុតូចនៅប៉ែកខាងកើត នៃប្រាសាទធំ និងមាន៦ប្រាសាទ ដែលត្រូវបានបំផ្លាញដោយសង្គ្រាម។ នៅទីនេះមានសល់ស្លាកស្នាម នៃបន្ទាយដែលអាចពិនិត្យតាមរូប ភាពពីលើអាកាស។ នៅក្នុងវត្តក៏មានធ្វើជារូបសំណាករបស់ស្ដេចកនមួយផង ដែរ។ តាមព្រះរាជពង្សាវតា នៅរជ្ជកាលព្រះបាទស្រីសុគន្ធបទបានរើរាជធានីទៅគង់នៅទួលបាសាន វិញ ហើយបានលើកនាងស (ឯកសារខ្លះនាងពៅ) ជាកូនមន្ត្រីម្នាក់ឈ្មោះពិជ័យនាគ និងនាងបាន ដែលជាពលព្រះ ស្រីរតនត្រ័យ ជាស្នំឯកមាននាមថា កេសរបុប្ផា ទើបស្រុក នោះមានឈ្មោះថា ស្រីសឈរ តមកទៀតក្លាយជា ស្រីសន្ធរ។ ប្អូនប្រុសនាងស ឈ្មោះកៅ ឬ កន ត្រូវបានតែងតាំងជាឃុនហ្លួងព្រះស្ដេច។ នៅគ.ស.១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិន្តឃើញនាគរាជដេញខាំព្រះអង្គ ហើយខាំពាំស្វេតច្ឆ័ត្រ ហោរក៏ទាយថា មានកោលាហល អ្នកបង្កគឺ ឃុនហ្លួងព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង (នាគ)។ ដោយខ្លាចក្រែងស្ដេចកនក្បត់ ដណ្ដើម រាជសម្បត្តិ ព្រះរាជាទ្រង់បញ្ជាឲ្យពួកមន្ត្រីរៀបចំទៅក្រសាលបឹងបង់សំណាញ់ ហើយធ្វើកលថា សំណាញ់ជាប់សំរាស់ ទើបបញ្ជាឲ្យស្ដេចកន មុជទឹកទៅដោះ។ ស្ដេចកនធ្វើហាក់ដូចជាពុំដឹងខ្លួន ហើយមុជថយចេញពីកន្លែងនោះ ពេលដែលពួកបរិវារបង់សំណាញ់ព្រមគ្នាគ្របបន្ថែមបំណងធ្វើឲ្យស្ដេចកន ស្លាប់។ លុះបានចាកផុតពីគ្រោះថ្នាក់ហើយ ស្ដេចកនបានភៀសខ្លួនទៅដល់ខេត្តបាភ្នំ ហើយប្រើឧបាយកល បោកបញ្ឆោតពួកចៅហ្វាយខេត្តថាទទួលបញ្ជាពីព្រះរាជាឲ្យមកកែនទ័ព ហើយចាប់ ផ្ដើមការវាយលុកចូល រាជធានីទួលបាសាន។ ទ័ពព្រះរាជាត្រូវទទួលបរាជ័យនៅទីនោះ រួចនៅក្រុងចតុមុខ បន្ទាប់មកនៅលង្វែក នៅស្រុកបរិបូណ៌ (អម្រិន្ទបូរ) រួចនៅទីបំផុត ទៅគង់នៅបន្ទាយស្ទឹងសែន ក្នុងខេត្តអាសន្ទុក នៅគ.ស.១៥១២។ ពេលនោះឃុនហ្លួងព្រះស្ដេចកន ទៅតាំងទ័ពបោះបន្ទាយនៅទួលបាសាន ហើយប្រារព្ធ ធ្វើពិធីលើកខ្លួនឯង ឡើងជាមហាឧបរាជ ហើយចាត់ ឱកម៉ឺនសុរិន្ទកែវទៅបង្កប់ ហើយធ្វើគុតព្រះសុគន្ធបទបានក្នុងបន្ទាយស្ទឹងសែន នៅគ.ស.១៥១២។ ឃុនហ្លួងព្រះស្ដេចកន ត្រឡប់មកទួលបាសានវិញ ប្រកាសរកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រដើម្បីឡើងសោយរាជសម្បត្តិ។ កាលនោះ ស្ដេចកន មានព្រះជន្មាយុ២៩វស្សា ហើយមាន នាមសម្រាប់រាជ្យថា ស្រីជេដ្ឋា រួចលើករាជធានីទៅតាំងនៅភូមិស្រឡប់ ជាបន្ទាយមួយយ៉ាងមាំ ឈ្មោះ ស្រឡប់ពិជ័យព្រៃនគរ។ ក្នុងរជ្ជកាលរបស់ព្រះអង្គមានបោះប្រាក់ស្លឹង (សាច់ប្រាក់សុទ្ធ) មានរូបនាគសម្រាប់ ប្រើប្រាស់ក្នុងប្រទេស។ គឺជាការភ័ន្តច្រឡំ ដែលអ្នកនិពន្ធមួយចំនួនបានចាត់ទុកថា ប្រាសាទព្រះធាតុធំ និងប្រាសាទព្រះធាតុតូច ជាសំណង់ ស្ថាបត្យកម្មរបស់ស្តេចកនដោយមិនបានសិក្សាឲ្យបានស៊ីជម្រៅ។

ទីតាំងនៅលើផែនទី