ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី៩។ ប្រាសាទនេះបានត្រូវសង់ជាចេតិយមួយគ្របពីខាងលើដោយទីនេះជាវត្ត។ តួប្រាសាទដើមមានប្រាង្គមួយរាងការ៉េ ធ្វើពីឥដ្ឋ ដែលជ្រុងនីមួយៗប្រវែង ៦ម៉ែត្រ បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ និងមានសសរពេជ្ររាង៨ជ្រុង។ ផ្ដែរឆ្លាក់ជារូបព្រះ ឥន្ទ្រគង់លើដំរីឰរាវ័ណ ដែលប្រហែលជាស្ថិតក្នុងរចនាបថបាខែង។ ជ្រុងបីផ្សេងទៀតនៃប្រាង្គមានទ្វារបញ្ឆោត ហើយមានគូទឹកនិងស្រះធំមួយមិនស្ថិតនៅចំអ័ក្សខាងកើតទេមានទំហំ៣០០x១០០ម៉ែត្រ។ ទីនេះមានព្រះចេតិយបុរាណមួយយ៉ាងធំកសាងអំពីឥដ្ឋនិងថ្មបាយក្រៀមដែលមានទំហំប្រហែលប្រាំពីរម៉ែត្រកម្ពស់ជិត២០ម៉ែត្រ។ វត្តចេតិយគឺជាទីទួលខ្ពស់ជិតប៉ុនកូនភ្នំមួយមានទទឹងប្រហែល១០០ម៉ែត្រនិងបណ្ដោយ១២០ម៉ែត្រហ៊ុំព័ទ្ធទៅដោយស្រះធំជាគូជុំវិញទីទួលនោះ។ នៅពីលើចំកណ្ដាលទួលមានព្រះវិហារមួយសង់អំពីថ្មប្រក់ក្បឿងដ៏សមរម្យ ប៉ុន្តែវិហារដ៏ចំណាស់ត្រូវបានគេរក្សាទុក ចំណែកផ្ទាំងគំនូរដ៏ល្អឥតខ្ចោះត្រូវបានរលុបបាត់អស់ដោយសារសំណឹក។ ទីនេះមានសំណល់បុរាណជាច្រើនដូចជា លិង្គ ស្នាទ្រោណី និងបល្ល័ង្កជាដើម។