ប្រាសាទនគរបាជ័យ

ប្រាសាទមានទំហំធំ ប្រកបដោយកំពែងថ្មបាយក្រៀម៤ជាន់ ដែលជាន់ទី១ ទំហំ៤២១ x ៣៧១ម. កម្ពស់ ៣ម. មានច្រកចូល៤ នៅតាមទិសធំ រីឯជាន់ទី២ មានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម មានច្រកចូលខាងកើតនិងខាងលិច។ ចំណែកកំពែងទី៣ មានច្រកចូលនៅតាមទិសធំទាំងបួន ហើយដែលកំពែងនីមួយៗសុទ្ធតែមានរូបអ្នកយាមប្លែកៗគ្នា។ ចាប់ពីកំពែងទី៣ទៅ មានរូបបដិមាផ្សេងៗ ដូចជារូបព្រះនរាយណ៍ដៃ៤ និងដៃ៨។ កំពែងទី៤សង់របៀបជាថែវ គឺជញ្ជាំងត្រង់ច្រកចូលទាំង ៤ សណ្ឋានជាបន្ទប់។ ក្នុងកំពែងទី៤នេះ មានតួប្រាង្គធំនៅចំកណ្ដាល មេទ្វារនិងផ្ដែរសង់ពីថ្មភក់ មានព្រះពុទ្ធរូបសង់ពីថ្មភក់គង់ព្រះភ្នែនបែរចេញទៅរកទិសទាំងបួន។ ប្រាសាទ នេះស្ថាបនាដោយព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ ប្រាសាទនេះ គឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិក ក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ នៅចម្ងាយប្រមាណ ៣០០ម. ពីប្រាសាទ មានទន្លេអុំ ទំហំ ៤០០ x ៥០០ម.។ រឿងនិទានទាក់ទងនឹងប្រាសាទនេះស្ដីពីទារកបែកពីមាតាបិតា ដែលត្រូវត្រីធំមួយលេបយកទៅហើយសង្គ្រោះដោយស្ដេចស្រុកចិន។ លុះកុមារនោះធំមានតម្រេះខ្ពស់និងរូបសម្បត្តិល្អ ក៏សុំឪពុកចិញ្ចឹមមកតាមរកឪពុកម្តាយបង្កើតនៅស្រុកខ្មែរវិញ។ មកដល់ក៏ទៅសុំសំណាក់និងម្តាយបង្កើតខ្លួន យូរៗទៅដោយពុំបានដឹងក៏បានរួមរស់ជាមួយម្តាយខ្លួនឯង។ ពេលដឹងហេតុសព្វគ្រប់ ក៏សំពះសុំខមាទោសពីម្តាយ ឯម្តាយក៏បង្គាប់ថាឲ្យធ្វើចេតិយមួយពេលម្តាយស្លាប់ ហើយឲ្យសង់ជារូបកូនសំពះចេតិយម្តាយពេលកូនស្លាប់ទៅដែរឲ្យបានគ្រប់ ៥០០០ឆ្នាំ ទើបរួចពីកម្មពៀរបាន។ សព្វថ្ងៃនេះនៅក្នុងកំពែងជាន់ទី២មានវិហារស៊ីម៉ង់មួយដែលគេហៅថា វិហារយាយពៅ ឯវិហារតាព្រហ្មគឺស្ថិតនៅឯកំពែងជាន់ទីមួយ។ គួរកត់សម្គាល់ថា រឿងនិទានបែបនេះក៏មាននៅប្រាសាទតាព្រហ្មទន្លេបាទីខេត្តតាកែវផងដែរ។ ទីតាំងនេះមានសិលាចារឹកលេខ K82, K647។ វត្តនគរបាជ័យដែលមានប្រាសាទបុរាណដ៏ធំនេះ ក៏មានមន្ទីរបូជនីយដ្ឋានប្រល័យពូជសាសនស៍ ២ កន្លែង គឺមួយសម្រាប់ដាក់តម្កល់ឆ្អឹងសាកសពជាបណ្ដោះអាសន្នក្នុងផ្នូរធ្វើពីបេតុង និងមួយទៀតជាចេតិយដែលដាក់តម្កល់ឆ្អឹងទុកសម្រាប់ធ្វើពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ។ ឆ្អឹងសាកសពដែលត្រូវបានយកមកដាក់តម្កល់ក្នុងចេតីយទាំងពីរនេះ គឺជាឆ្អឹងសាកសពមួយចំនួនត្រូវបាននាំមកពីរណ្ដៅសាកសពវត្តភ្នំប្រុស។ សារមន្ទីរទាំងនេះបានតម្កល់អដ្ឋិធាតុសាកសពចំនួនជាង១០០០នាក់ ប៉ុន្តែសព្វថ្ងៃនេះបានបាត់រូបរាងទៅហើយ។

ទីតាំងនៅលើផែនទី