ប្រាសាទគុកព្រះធាតុ ត្រូវបានសាងសង់ឡើង នៅក្បែរដងទន្លេមេគង្គ នៅលើចង្កេះភ្នំហាន់ជ័យ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមាន លក្ខណៈស្រដៀង នឹងប្រាសាទអាស្រមមហាឥសី នៅស្រុកអង្គរបុរីទើបបានជាគេបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំមានរចនាបថភ្នំដា។ ប្រាសាទសង់ឡើងដោយថ្មបាសាល់ មានរាងការ៉េជ្រុងទំហំ ៤.៥ ម. និងកម្ពស់ ៥ ម៉ែត្រ។ ប្រាសាទត្រូវបានជួសជុលក្រោមជំនួយថវិការពីសហរដ្ឋអាមេរិក។ ប្រាសាទដ៏ល្អវិចិត្រមានតែពីរក្នុងប្រទេសកម្ពុជានេះសង់ឡើងក្នុងសម័យអន្តរកាលរវាងនគរភ្នំ និងចេនឡា ពោលគឺស.វ ទី ៦ នៃគ.ស ក្នុងរាជព្រះបាទធរណិន្ទ្រវរ្ម័នទី១។ គេបានជីករក ឃើញរូបចម្លាក់គោនន្ទិនជាយានជំនិះរបស់ព្រះឥសូរមួយអមទ្វារប្រាសាទ ហើយយកទៅតម្កល់នៅមន្ទីរវប្បធម៌ខេត្តកំពង់ចាម។ តាមការដំណាលរបស់អ្នកភូមិ ពីដើមឡើយមានតម្កល់នូវចម្លាក់របស់ព្រះអាទិទេពស្រីមួយព្រះអង្គ ធ្វើអំពី ថ្លើមថ្មខ្មៅ ដែលគេឲ្យឈ្មោះថានាងខ្មៅ (ការពិតគីតំណាងឲ្យព្រះនាងឱមា) តែត្រូវពួកចោរលួចយក ទៅលក់បាត់ មុនឆ្នាំ ១៩៦០។ ខាងក្នុងគ្មានការ តុបតែងអ្វីឡើយ ក្រៅពីរូបចម្លាក់តំណាង ព្រះនាងឱមា ឬនាងខ្មៅ នឹងសោមសូត្រសម្រាប់បង្ហូរទឹកមន្ត។ ទ្រង់ទ្រាយដំបូលរាងកោងជាថ្នាក់ៗតួប្រាសាទត្រូវបាន សាងសង់លើ ខឿនមួយ ដ៏រឹងមាំ ដែលមាន ៣ ថ្នាក់ ដោយថ្នាក់នីមួយៗ មានរចនាជាក្បាច់អង្កែ ព័ន្ធជុំវិញទម្រង់មុខមនុស្ស មានពាក់ក្រវិលធំៗ ហៅថា ឃូឌូ។