ភ្នំមួយពាន់ប្រាំ

ឈ្មោះភ្នំ១០០៥ឬភ្នំ១៥០០ទាំងពីរនេះ តាមរយៈសូរអានបែបខ្មែរដែលតែងកាត់ពាក្យខ្លះចោល គឺដូចគ្នា។ តើមួយណាជាឈ្មោះផ្លូវការ? ការបំភ្លឺរបស់ក្រសួងបរិស្ថានគឺ ឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់យោធាក្នុងសម័យសង្គ្រាមស៊ីវិល។ ចំណែកឈ្មោះភ្នំ១៥០០ គឺហៅតាមរយៈកម្ពស់ភ្នំ ធៀបនឹងនីវ៉ូទឹកសមុទ្រ តែកម្ពស់ពិតអាចដល់ទៅ១៦០០ម៉ែត្រ។ ដូចនេះ «ភ្នំ១៥០០» ជាឈ្មោះផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រនៅតាមផ្លួវជាតិលេខ៥៥ ដែលមានប្រវែងសរុបជាង ១៨២ គីឡូម៉ែត្រ។ សម្រាប់ទេសចរគ្រប់រូប គេអាចទទួលបាននូវក្ដីរីករាយក្នុងដំណើរដ៏វែងឆ្ងាយពីសម្រស់ព្រៃព្រឹក្សា ភ្នំនានាដែលស្ថិតក្នុងជួរភ្នំក្រវាញ ដែលជាតំបន់មិនទាន់រុករាន។ ភ្ញៀវទេសចរអាចជ្រើសស្នាក់នៅក្នុងទីរួមស្រុកវាលវែង ដែលមានផ្សារនិងផ្ទះសំណាក់ ឬបន្តដំណើរទៅឃុំក្រពើពីរនៅផ្នែកខាងជើង ដែលសម្បូរដោយទេសភាពភ្នំនៃតំបន់សំឡូតដូចជាភ្នំទំព័រជាដើម។ ជម្រើសពីរផ្សេងទៀត គឺតំបន់អូរសោមដែលមានទេសភាពព្រៃភ្នំនៃតំបន់អូរសោមនិងភ្នំសំកុះជាដើម។ ជម្រើសចុងក្រោយដែលកំពុងពេញនិយម គឺបន្តដំណើរត្រង់ទៅកាន់ច្រកព្រំដែនថ្មដា។

ទីតាំងនៅលើផែនទី