ហាងចម្លាក់ថ្មកែវ

ថ្មកែវជាថ្មកម្រ ហើយត្រូវបានគេនិយមយកមកឆ្លាក់ជាចម្លាក់ផ្សេងៗដូចជាព្រះបដិមា ទេព និងសត្វផ្សេងទៀតទៅតាមពណ៌របស់ថ្ម។ ដោយសារតែចម្លាក់ថ្មកែវមានលក្ខណៈរលោង និងរំលេចនូវក្បាច់យ៉ាងរលូន និងផូរផង់មានមនុស្សជាច្រើនយល់ថា ចម្លាក់ថ្មកែវរបស់ខ្មែរត្រូវបានឆ្លាក់ដោយម៉ាស៊ីនកែច្នៃថ្ម។ តាមការពិតចម្លាក់ថ្មកែវ ពោធិ៍សាត់មិនមែនឆ្លាក់ដោយម៉ាស៊ីនច្នៃថ្មទេ គឺឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរ។ ពិតណាស់ថា ពីមុនគេប្រើរណាកាត់ថ្មដោយដៃ តែឥឡូវនេះទំនើបបន្តិចគឺគេកាត់ដោយម៉ូទ័រ ប៉ុន្តែបន្ទាប់ពីនោះ គឺប្រើពន្លាកដាប់ដោយដៃទាំងអស់។ ថ្មកែវមានច្រើនពណ៌ដូចជា ស ទ្រព្យ និងខៀវជាដើម ហើយគេឆ្លាក់ទៅជាសត្វឬវត្ថុតំណាងដោយជ្រើសពណ៌ឱ្យត្រូវទៅនឹងវត្ថុនោះ ដូចជាត្រីហុងស៊ុយត្រូវបានគេប្រើពណ៌ខៀវដែលតំណាងឱ្យភាពត្រជាក់ត្រជុំ។ សិប្បកម្មចម្លាក់ថ្មកែវជាមុខរបរនេះបានកើតមានតាំងពីបុរាណកាលមក ហើយបច្ចុប្បន្ន មុខរបរនេះកាន់តែរីកសាយថែមមួយកម្រិតទៀតសម្រាប់មុខរបរជាលក្ខណៈគ្រួសារ និងមធ្យម។ ទីតាំងដែលមានការប្រកបមុខរបរ និងរចនាម៉ូដថ្មកែវច្រើននោះ គឺនៅក្នុងក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកកណ្ដៀង ដែលភាគច្រើនជាសិប្បកម្មលក្ខណៈគ្រួសារ។ អ្វីដែលកំពុងតែប្រឈមចំពោះសិប្បករ គឺបញ្ហាថ្មឡើងថ្លៃ និងទឹកដៃរចនាម៉ូដរបស់ប្រជាពលរដ្ឋនៅស្ទើរ។

ទីតាំងនៅលើផែនទី