ទេសភាពសមុទ្រឈើភ្នំបាយឆៅ

បើគេនិយាយពីប្រវត្តិនៃការធ្វើដំណើររវាងខេត្តមណ្ឌលគិរីនិងរតនគិរីនោះអ្នកដំណើរជើងចាស់នឹងនឹកឃើញភ្លាមអំពីភ្នំមួយដ៏សែនលំបាក ប្រកបដោយគ្រោះថ្នាក់ ហើយជួនកាលក៏ជាប់គាំងដំណើរពេលឆ្លងកាត់ទីនោះ គ្រាដែលផ្លូវជាតិលេខ៧៦ថ្មី នៅមិនទាន់ស្ថាបនារួចរាល់។ ភ្នំដែលអ្នកដំណើរតែងតែបុកពោះព្រឺសម្បុរនោះ គេឱ្យឈ្មោះថា ភ្នំបាយឆៅ ស្ថិតនៅប្រមាណជា ២០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យតែប៉ុណ្ណោះ។ ងារដែលអ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ឱ្យនេះ កើតឡើងក្រោយពីដំណើរឆ្លងកាត់ចំណុចនោះជាផ្លូវដ៏ចោតរអិលខ្លាំងពិបាកឡើងរថយន្ត ជាពិសេសនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំ។ អ្នកដំណើរដែលជាប់ផុងរថយន្តនៅចំណុចនោះ ត្រូវដេកផ្លូវដាំបាយទទួលទាន ហើយមិនដែលបានបាយឆ្អិនស្រួលបួលទេ ព្រោះមានភ្លៀងនិងខ្យល់ខ្លាំង។ ប៉ុន្តែបច្ចុប្បន្នទីនេះ បានប្រែក្លាយទៅជាកន្លែងមួយសម្រាប់អ្នកដំណើរថតយកទេសភាពដ៏ស្រស់ត្រកាលនៃព្រៃឈើដ៏ខៀវស្រងាត់តាមជួរភ្នំនិងជ្រលងនានា ប្រៀបដូចទីតាំង សមុទ្រឈើដែរ។

ទីតាំងនៅលើផែនទី