ទីកន្លែងដ៏ពិសិដ្ឋនេះ បានក្លាយជាកន្លែងទស្សនាថ្ងៃរះដ៏ល្អនៅពេលព្រឹកព្រហាម និងខណៈពេលថ្ងៃរះឡើងផុតព្រៃភ្នំពីលើក្រុងបានលុង។ កន្លែងនេះដែរក៏ផ្តល់ «ទិដ្ឋភាពទីក្រុងបានលុង» គួរឱ្យគយគន់។ ពីលើភ្នំនេះនៅគេអាចចោលភ្នែកគយគន់ទីជុំវិញ ដែលលំអដោយទេសភាពពណ៌បៃតងនៃទីវាល ជម្រាលនិងជ្រលងភ្នំ រួចបន្តទៅជួរភ្នំនៅឯនាយជាប់នឹងជើងមេឃ។ ឥសីបតមៈ ជាឈ្មោះអ្នកតាភ្នំពីបុរាណដែលបានថែរក្សាតំបន់នេះក្នុងសម័យកាលយូរលង់ណាស់មកហើយ។ ឥសី ជានាមសម្រាប់សំគាល់អ្នកបួស ឬអ្នកប្រកាន់សច្ចធម៌នៅក្នុងសាសនាព្រាហ្មណ៍ ប៉ុន្តែបន្ទាប់ពីមានការកសាងព្រះពុទ្ធបដិមាដ៏ធំមួយមានប្រវែង ៥ម៉ែត្រ កាលពីដើមទសវត្ស ឆ្នាំ១៩៦០ មក ទីកន្លែងនេះគ្រាន់តែរក្សាឈ្មោះដើម «ឥសីបតមៈ» ហើយប្រជាជនភាគច្រើនគោរពបូជាព្រះពុទ្ធសាសនា ឯព្រហ្មញ្ញសាសនាគោរពបន្តិចបន្តួចប៉ុណ្ណោះ។ សព្វថ្ងៃនេះនៅទីកន្លែងដ៏ស័ក្ដិសិទ្ធិនេះ ប្រជាជនតែងទៅគោរពបូជា ដើម្បីសុំលាភសំណាង ជោគជតារាសី និងសុំក្ដីសុខសប្បាយ។ ឥសីបតមៈ ជារមណីយដ្ឋានសក្ការបូជាស័ក្ដិសិទ្ធិសម្រាប់ប្រជាជនដែលរស់នៅក្នុងខេត្តនិងអ្នកដំណើរផងដែរ។ វត្តនេះក៏ជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។