តំបន់សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬ ជំរំសត្វទោចចាហូ (Jahoo Gibbon Camp) លាតសន្ធឹងនៅលើផ្ទៃដីជាង ១៤០០ ហិកតា និងចម្រុះទៅដោយបណ្ដុំនៃទេសភាពរុក្ខជាតិធម្មជាតិប្រភេទព្រៃពាក់កណ្ដាលស្រោង មានសត្វព្រៃច្រើនប្រភេទជាក្ដីរំពឹងនៃការស្រោចស្រង់ និងការអភិរក្សសត្វព្រៃផងដែរ។ តំបន់នេះផ្ដួចផ្ដើមគម្រោងដោយសកម្មជនការពារព្រៃឈើម្នាក់ តែជាអកុសលគាត់បានស្លាប់ដោយការបាញ់ប្រហារក្នុងពេលបំពេញបេសកកម្ម។ ពាក្យថា ចាហូ ជាភាសាពូនង គឺសំដៅលើទោចផ្ពាល់លឿង រស់នៅក្នុងតំបន់នេះ ហើយក៏មានសត្វព្រៃនិងពូជសត្វកម្រជាច្រើនប្រភេទ សរុបប្រមាណជិត ៥០០ ប្រភេទ។ គេអាចស្នាក់ក្នុងតង់សហគមន៍ និងមានសេវាកម្មបម្រើម្ហូបអាហារផងដែរ។ ពេលវេលាមើលសត្វទោចគឺចាប់ពីម៉ោង ៥ ព្រឹកព្រលឹមទៅ។ ការមើលសត្វត្រូវប្រើកែវយឹតដើម្បីមើលសត្វពីចម្ងាយនៅរដូវប្រាំងចន្លោះចាប់ពីខែវិច្ឆិកាដល់ឧសភា។