គ្រឹះប្រាសាទព្រះពុទ្ធ

ថ្វីត្បិតរតនគិរីជាតំបន់ដែលស្ថិតនៅឆ្ងាយពីស្នូលនៃអាណាចក្រខ្មែរបុរាណក្ដី ក៏គេនៅអាចប្រទះ ឃើញសំណល់ប្រាសាទបុរាណនៅតំបន់នេះដែរ។ នៅលើភ្នំកុកដែលមានកម្ពស់ប្រមាណ ៧០ម៉ែត្រ មានគ្រឹះប្រាសាទមួយនៅទីនោះដែលបន្សល់ទុកតែគំនរឥដ្ឋ ធ្វើឱ្យលំបាកកំណត់អាយុកាល។ តាមកំណត់ត្រាស៊ីសាក ទួលឥដ្ឋមានកំពស់លើសពីបីម៉ែត្រនិងទទឹង៨ម៉ែត្រ។ ទួលនេះព័ទ្ធជុំវិញដោយទួលឥដ្ឋជាច្រើននិងមានដុំថ្មភក់មួយ ចំនួន។ ចំងាយ២៥០ម.អាគ្នេយ៍មានស្រះមួយ។ សំណង់ទាំងនេះព័ទ្ធជុំវិញដោយកំពែងឥដ្ឋរាងបួនជ្រុងស្មើ មានជ្រុងនិមួយៗប្រវែង៣០០ម.។ កំពែងនេះព័ទ្ធដោយកំពែងដីរាងបួនជ្រុងស្មើកំពស់១២ម.ប្រវែងជ្រុង និមួយៗ១គម.។ ទីនេះជាប្រភពបដិមាពីររក្សានៅសារមន្ទីរជាតិភ្នំពេញ។ គួរកត់សម្គាល់ថា នៅក្នុងខេត្តនេះក៏មានសំណល់ប្រាសាទបុរាណពីរទៀតដែលមានត្រឹមជាគំនរឥដ្ឋ គឺមួយនៅស្រុកកូនមុំ និងមួយទៀតក្នុងឧទ្យានជាតិលំផាត់។

ទីតាំងនៅលើផែនទី